សេអ៊ូល៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានព្រមព្រៀងពិចារណាលើការបញ្ឈប់ក្រុមការងារមួយដែលត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលគោលនយោបាយរបស់កូរ៉េខាងជើង បន្ទាប់ពីវាត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីរារាំងគម្រោងអន្តរកូរ៉េ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងកិច្ចពិភាក្សារវាងតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង លោក Sung Kim និងសមភាគីកូរ៉េខាងត្បូង លោក Noh Kyu-duk កាលពីថ្ងៃច័ន្ទ អ្នកទាំងពីរបានព្រមព្រៀងគ្នាដើម្បី «បញ្ចប់ក្រុមការងារនេះ» ខណៈកំពុងពង្រឹងការសម្របសម្រួលនៅកម្រិតផ្សេងមួយទៀត។

តួយ៉ាង កាលពីថ្ងៃច័ន្ទ លោក Sung Kim បាននិយាយថា លោកមានឆន្ទៈក្នុងការជួបជាមួយប្រជាជនកូរ៉េខាងជើង នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយគ្មានល័ក្ខខ័ណ្ឌ ហើយលោកទន្ទឹងរង់ចាំការឆ្លើយតបជាវិជ្ជមានក្នុងពេលឆាប់ៗនេះ។ លោកត្រូវបានគ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In-young ដែលគ្រប់គ្រងទំនាក់ទំនងជាមួយកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ។

ក្រុមការងារត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដើម្បីជួយសម្ព័ន្ធមិត្តទាំងពីរសម្របសម្រួលវិធីសាស្រ្តរបស់ពួកគេចំពោះបញ្ហាដូចជា ការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ ជំនួយមនុស្សធម៌ ការដាក់ទណ្ឌកម្ម និងទំនាក់ទំនងទៅមករវាងកូរ៉េ ចំពេលមានការទាក់ទងយ៉ាងខ្លាំងខាងការទូតជាមួយប្រទេសកូរ៉េខាងជើងនៅពេលនោះ។

នៅពេលត្រូវបានគេសួរកាលពីឆ្នាំមុន អំពីសំណើររបស់ទីក្រុងសេអ៊ូលដូចជា ការបើកទេសចរណ៍ជាលក្ខណៈបុគ្គលទៅប្រទេសជិតខាង ភាគខាងជើងរបស់ខ្លួន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងនៅពេលនោះ លោក Harry Harris បាននិយាយថា "ដើម្បីជៀសវាងការយល់ច្រឡំនៅពេលក្រោយដែលអាចបង្កឱ្យមានការដាក់ទណ្ឌកម្ម ... វាល្អប្រសើរជាងមុនដើម្បីដំណើរការ នេះតាមរយៈក្រុមការងារ"។

ទោះបី លោក Harry Harris បានបន្ថែមថា វាមិនមែនជាកន្លែងរបស់សហរដ្ឋអាមេរិកក្នុងការអនុម័តលើសេចក្តីសំរេចរបស់កូរ៉េខាងត្បូងក៏ដោយ ក៏ការកត់សម្គាល់នេះបានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងទីក្រុងសេអ៊ូល ហើយអតីតជំនួយការរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៊ូន ជេអ៊ីន ក្រោយមកបានប្រាប់សភាថា ក្រុមការងារត្រូវបានគេមើលឃើញថាកាន់តែមានឧបសគ្គចំពោះទំនាក់ទំនងអន្តរកូរ៉េ។

លោក Ramon Pacheco Pardo អ្នកជំនាញជនជាតិកូរ៉េនៅ King's College London បាននិយាយថា រដ្ឋបាល លោក ម៊ូន ជេអ៊ីន នឹងមើលឃើញការបញ្ចប់ក្រុមការងារនេះជាកាយវិការសុច្ឆន្ទៈពីប្រធានាធិបតីអាមេរិកថ្មី លោក ចូ បៃដិន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ