ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។ វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» គឺជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជារក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ វេទិកានេះ រៀបចំឡើងនៅវិមានសន្តិភាព។

វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលនោះ។ វេទិកាត្រូវបានធនាគារពិភពលោក ទទួលស្គាល់ថាជាយន្តការកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជន ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានពិន្ទុវាយតម្លៃសមិទ្ធកម្មខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួនជាង២០ផ្សេងទៀត។

វេទិកានេះត្រូវបានរៀបចំឡើងស្ទើររៀងរាល់ឆ្នាំ។ វេទិកាលើកទី១៨ ត្រូវបានរៀបចំឡើងនៅឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា គ្រោងរៀបចំវេទិកាលើកទី១៩ នៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន ដោយសារកម្ពុជា ក៏ដូចជាសកលលោក បានប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ