កណ្ដាល ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ»។

សូមបញ្ជាក់ថា ប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្លោះទឹកកខ្វក់ សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើង ជាប្រព័ន្ធញែកដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមានការងារសាងសង់ធំៗ ចំនួន ២ រួមមាន៖ ១. ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះរួមមាន៖ ការសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចមោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាព ចម្លោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុង មួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់គ្រប់ប្រភេទ ប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ០៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។

និង២. ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ ក្នុងនោះរួមមាន៖ ការសាងសង់បណ្តាញលូរំដោះ ទឹកភ្លៀងដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ០២កន្លែង ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។

គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃកិច្ច សន្យាសរុបប្រមាណជាង ៩០លានដុល្លារអាម៉េរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយ ផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោង បញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ