សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង៣ ជំរុញសមាគមមនុស្សចាស់នៅទូទាំងប្រទេសឱ្យដំណើរការ និងមាននិរន្ដរភាព
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសិក្សាជំរុញសមាគមមនុស្សចាស់នៅទូទាំងប្រទេសឱ្យដំណើរការ និងមាននិរន្ដរភាពផងដែរ។
នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សិក្សាជំរុញសមាគមមនុស្សចាស់នៅទូទាំងប្រទេស ឱ្យដំណើរការ និងមាននិរន្ដភាព»។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពង្រឹង និងពង្រីក សមត្ថភាពមណ្ឌល ក្នុងការអប់រំ ថែទាំ ព្យាបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនិតិសម្បទាជនរងគ្រោះ ដោយសារធាតុញៀន និងតាមដានករណី ក្រោយសមាហរណកម្មចូលសហគមន៍វិញ។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវសិក្សាលទ្ធភាពដើម្បីបង្កើនមណ្ឌលបណ្ដុះបណ្ដាលអាសន្ន ថ្នាក់តំបន់ ដើម្បីដោះស្រាយការកើនឡើងជនរងគ្រោះ ដោយសារគ្រឿងញៀន និងអប់រំថែទាំព្យាបាល និងស្ដារនីតិសម្បទា ឱ្យក្លាយជាពលរដ្ឋល្អ៕EB