សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទចោលនូវទីតាំងបាញ់កាំភ្លើងឯកជនទាំងអស់ មានក្នុងខេត្តព្រះសីហនុ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យអភិបាលខេត្តព្រះសីហនុ បិទក្លឹបបាញ់កាំភ្លើងនៅខេត្តព្រះសីហនុ ហើយភ្ញៀវទេសចរណ៍មកលេងខេត្តព្រះសីហនុ គឺមកមើលកោះ មើលកន្លងទេសចរណ៍ មិនមែនមានរៀនបាញ់កាំភ្លើងឡើយ។
នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ បានបញ្ជាក់ជាមួយអភិបាលខេត្ត ហើយឥឡូវនេះមានកន្លែងបាញ់កាំភ្លើងស៊ីវិលប៉ុន្មាន? ខ្ញុំ ថា មិនចាំបាច់ទេសចរណ៍មកខេត្តព្រះសីហនុ មិនចាំបាច់រៀនបាញ់កាំភ្លើងទេ។ ដើរមើលកោះល្អជាង ចឹងសូមឱ្យបិទតែម្ដង ហើយមិនឱ្យបើកថ្មីទេ។ អារឿងបាញ់កាំភ្លើងក្លឹប ឯកជន មិនចាំបាច់ទេ អ្នកខេត្តព្រះសីហនុ មិនចាំបាច់ បាញ់កាំភ្លើងទេ»។
សម្ដេចធិបតី បន្ដថា ក្លឹបឯកជន ព្រោះតែបើក ត្រូវតែមានសិទ្ធិទិញកាំភ្លើង និងទិញគ្រាប់ ដូច្នេះមិនចាំបាច់មានឡើយ។ សម្ដេច ថា ភ្ញៀវទេសចរណ៍មកខេត្តព្រះសីហនុ ត្រូវដើរលេងតាមបណ្ដាកោះវិញ ហើយទីតាំងបាញ់កាំភ្លើងរបស់កងទ័ព នៅរាម គឺទុកជាធម្មតា សម្រាប់កងទ័ព និងប៉ូលីស ហើយចាំបាច់ធ្វើអាជីវកម្មឯកជនឡើយ។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានឱ្យព្រៀមចរាចរណ៍ណែនាំស្ដីពី ការឈប់ឱ្យចេញអនុញ្ញាត កន្លែងបាញ់ ជាបន្ដទៀត៕