បរទេស ៖ រដ្ឋាភិបាលអូស្ត្រាលីបាននិយាយ នៅថ្ងៃច័ន្ទនេះថា ខ្លួនគាំទ្រការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ មិថុនា ២០២៥។
នាយករដ្ឋមន្ត្រី លោក Anthony Albanese បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ពិភពលោក បានយល់ព្រម ជាយូរមកហើយថា អ៊ីរ៉ង់មិនអាចទទួលបាន អាវុធនុយក្លេអ៊ែរទេ ហើយយើងគាំទ្រសកម្មភាព ដើម្បីទប់ស្កាត់វា នោះគឺជាអ្វី ដែលយើងគាំទ្រ»។ នាយករដ្ឋមន្ត្រីអូស្ត្រាលី រូបនេះបានសង្កត់ធ្ងន់ថា «ការវាយប្រហាររបស់អាមេរិក បានកំណត់គោលដៅជាក់លាក់ ចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។»
តែលោកបន្តថា «យើងមិនចង់បានការកើនឡើង សង្រ្គាមពេញលក្ខណៈទេ…យើងបន្តអំពាវនាវឱ្យមានការសន្ទនា ការទូត»។ លោក Albanese បាននិយាយថា «អូស្ត្រាលីបានអំពាវនាវឲ្យអ៊ីរ៉ង់ ចូលមកតុចរចា ហើយបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ»។
គួររម្លឹកថា អាមេរិកបានបញ្ជាយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ទៅលើអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បើទោះបីជាខ្លួនធ្លាប់អះអាងថា ទុកពេល ២សប្តាហ៍ ឲ្យអ៊ីរ៉ង់ចូលតុចរចា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារយ៉ាងចាស់ដៃ កាលពីថ្ងៃទី១៣ ខែមិថុនា ក៏ដោយ៕RT