អតីតអ្នកបើកយន្តហោះយោធាអាម៉េរិក ដែលទៅបង្វឹកយោធាចិន ត្រូវបានចាប់ខ្លួននៅអូស្ត្រាលី ប្រឈមមុខនឹងការធ្វើបត្យាប័ន
អូស្ត្រាលី៖អតីតអ្នកបើកយន្តហោះយោធាអាម៉េរិក និងជាគ្រូបង្វឹកជើងហោះហើរ ដែលធ្វើការនៅប្រទេសចិន ត្រូវបានចាប់ខ្លួនក្នុងប្រទេសអូស្ត្រាលី និងប្រឈមមុខនឹងការធ្វើបត្យាប័នទៅសហរដ្ឋអាម៉េរិក នេះបើយោងតាមឯកសាររបស់តុលាការអូស្ត្រាលី និងកំណត់ត្រាក្រុមហ៊ុនបានបង្ហាញ។
ប៉ូលីសសហព័ន្ធអូស្ត្រាលីបានចាប់ខ្លួនលោក Daniel Edmund Duggan អាយុ ៥៤ ឆ្នាំ កាលពីថ្ងៃសុក្រទី២១ ខែតុលា នៅទីក្រុង Orange ក្នុងរដ្ឋ New South Wales។ នៅក្នុងថ្ងៃដដែលនោះ លោកបានបង្ហាញខ្លួនក្នុងតុលាការនៅទីក្រុងនោះផងដែរ នេះបើតាមកំណត់ត្រារបស់តុលាការ និងការបញ្ជាក់ពីមន្ត្រីប៉ូលីសពីររូប និងមេធាវីរបស់លោក។មេធាវីរបស់លោកបានបង្ហាញខ្លួនតាមវីដេអូសន្និសិទ្ធិ រីឯលោក Duggan ត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ Bathurst ក្បែរនោះ។
លោក Duggan គាត់បានធ្វើការនៅ Qingdao ប្រទេសចិន តាំងពីឆ្នាំ ២០១៧ ជានាយកគ្រប់គ្រងនៃក្រុមហ៊ុនក្រៅរដ្ឋាភិបាល AVIBIZ Limited ហើយក៏បានផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលីបន្ទាប់ពីរយៈពេលមួយទសវត្សរ៍នៅក្នុងជួរយោធាសហរដ្ឋអាម៉េរិក ហើយបានចាប់ផ្តើមអាជីវកម្មមួយដែលមានឈ្មោះថា Top Gun Tasmania ដោយជួលអតីតអ្នកបើកយន្តហោះយោធាអាម៉េរិក និងអង់គ្លេស ដើម្បីផ្ដល់ជូនអ្នកទេសចរ រីករាយជិះយន្តហោះចម្បាំង នេះបើតាមកំណត់ត្រាក្រុមហ៊ុនបង្ហាញ និងប្រភពអាកាសចរណ៍បានបញ្ជាក់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Duggan មិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ។
គួរបញ្ជាក់ថា សន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នរបស់ប្រទេសអូស្ត្រាលីជាមួយសហរដ្ឋអាម៉េរិក រដ្ឋាភិបាលសហរដ្ឋអាម៉េរិកនឹងមានពេល ៦០ ថ្ងៃដើម្បីធ្វើការស្នើសុំធ្វើបត្យាប័ន ប៉ុន្តែសន្ធិសញ្ញានេះអនុញ្ញាតឱ្យពលរដ្ឋអូស្ត្រាលីធ្វើបត្យាប័នជាអាទិភាព៕SP