ហ្សាកាតា៖ មានការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ ជាមួយនឹងចំណុចកណ្តាលរបស់វានៅភាគខាងកើតនៃទីក្រុង Abepura ក្នុងខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី ប្រហែល២៧០គីឡូម៉ែត្រ និងជម្រៅ ១៥ គីឡូម៉ែត្រ កាលពីព្រឹកមិញនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១០ កញ្ញា ២០២២។

ក្នុងនោះមិនយូរប៉ុន្មានក៏ស្រាប់តែ ការរញ្ជួយដីលើកទី២បានកើតឡើងដែលមានកម្រិត ៥.៨រ៉ិចទ័រ និងមានរលករញ្ជួយទី៣មានកម្រិត ៥.៩រ៉ិចទ័រ ក្នុងជម្រៅ ៣២គីឡូម៉ែត្រ។

ជាមួយគ្នានោះការិយាល័យឧតុនិយមអាកាសធាតុ បានបញ្ជាក់ថាដំបូងឡើយពុំមានរបាយការណ៍នៃការស្លាប់នោះទេ ប៉ុន្តែបានព្រមានថាអាចនឹងមានទំហំធំនៃការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និង សម្បត្តិសាធារណៈច្រើន។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះរញ្ជួយដី ខ្លាំងបំផុតក្នុងពិភពលោក ដោយគិតត្រឹមខែមករា ឆ្នាំ២០២១ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័របានវាយប្រហារខេត្ត Sulawesi មនុស្សជាង១០០ នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀតគ្មានផ្ទះសម្បែងស្នាក់នៅ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ