រ៉ូម៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ៊្វូមីអូ គីហ្ស៊ីដា ថ្លែងថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ដែលមានទឹកប្រាក់ប្រមាណជា ១៩០ លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ HNK នៅថ្ងៃទី១៣ តុលា ២០២១៕
លោក គីហ្ស៊ីដា បានធ្វើការសន្យាខាងលើនេះ នៅថ្ងៃអង្គារម្សិលមិញ នៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់តាមអ៊ីនធើណិត នៃក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 ដែលបានពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន។ លោក គីហ្ស៊ីដា បន្តថា មូលនិធិនេះនឹងត្រូវផ្តល់ជូននៅចុងឆ្នាំ២០២១ តាមរយៈអង្គការអន្តរជាតិដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថានដែលកំពុងជួបវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។
នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបន្ថែមថា វាចាំបាច់សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់អាហ្វហ្គានីស្ថាន ដើម្បីការពារសិទ្ធិរបស់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ជាពិសេសដើម្បីការពារបរិស្ថានជាទីដែលស្ត្រីអាចសិក្សា និងធ្វើការ។
លោក គីហ្ស៊ីដា បញ្ជាក់ថា ប្រសិនបើតាលីបង់ការពារសិទ្ធិរបស់ប្រជាជន និងអនុវត្តដំណើរការនយោបាយរួមបញ្ចូលគ្នានោះ នឹងនាំមកវិញនូវធនធានមនុស្ស មូលនិធិ និងការគាំទ្រដើម្បីកសាងប្រទេសឡើងវិញ។ លោកបន្ថែមទៀតថា សហគមន៍ពិភពលោកគួរតែរួបរួមគ្នាដើម្បីបញ្ចុះបញ្ចូលក្រុមតាលីបង់អោយគោរពពាក្យសន្យាអោយបានម៉ឺងម៉ាត់៕