សេអ៊ូល៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បាននិយាយថា ប្រទេសរបស់លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយកូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល COVID-19 ហើយនៅតែបន្តបើកចំហទ្វារជំនួយមនុស្សធម៌សម្រាប់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។

លោក Yoon បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើកូរ៉េខាងជើង ស្នើឱ្យសុំជំនួយពីពួកយើង យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការផ្ដល់ថ្នាំពេទ្យ ក្នុងនោះរួមមានទាំងវ៉ាក់សាំងបង្ការ COVID-19, បរិក្ខារពេទ្យ និងបុគ្គលិកសុខាភិបាលផងដែរ»។

កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាល COVID-19 ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួន កាលពីសប្ដាហ៍មុន ហើយក្រុមអ្នកជំនាញជាច្រើន បារម្ភថាស្ថានភាពឆ្លងអាចនឹងមានសភាពកាន់តៃធ្ងន់ធ្ងរ ដោយសារតែប្រទេសនេះមិនមានបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់ និងត្រូវបានគេរាយការណ៍ថា មិនមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនរបស់ខ្លួននោះទេ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃអាទិត្យទី១៥ ឧសភា កូរ៉េខាងជើងបានរាយការណ៍ពីអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ៥០នាក់ នៅក្នុងចំណោម មនុស្សច្រើនជាង ៣៩២,៩២០នាក់ ដែលមានរោគសញ្ញាគ្រុនក្ដៅ។ ប៉ុន្តែមិនទាន់បញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ឆ្លង COVID-19 នោះទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ