ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្សីលោក សឺហ្គេ ស៊យហ្គូ បាននិយាយថា យោធាអ៊ុយក្រែនកំពុងទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលខ្លួនព្យាយាមដណ្តើមយកមកវិញ នូវទឹកដីដែលបានរឹបអូសពីមុនដោយកងកម្លាំងរុស្ស៊ី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ០៣ កញ្ញា ២០២២។

រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយអំពីការវាយលុកនៅភាគខាងត្បូងនៃប្រទេសអស់រយៈពេលជាច្រើនខែមកហើយ។ ហើយនៅក្នុងសុន្ទរកថាវីដេអូមួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក ហ្សេលេនស្គី បានសន្យាថា នឹងទាមទារយកមកវិញនូវតំបន់ Donbass ទាំងមូល, ផ្នែកនៃតំបន់ Zaporozhye និង Kharkov ដែលបច្ចុប្បន្នកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ក៏ដូចជាឧបទ្វីបគ្រីមៀ ផងដែរ។ ថ្មីៗនេះ មន្ត្រីនៅទីក្រុងម៉ូស្គូបានប្រកាសថា ការវាយលុករបស់អ៊ុយក្រែននៅក្នុងតំបន់ Kherson បាន “បរាជ័យយ៉ាងវេទនា”។ 

ចំណែកលោក ស៊យហ្គូ បានថ្លែងកាលពីថ្ងៃសុក្រសប្តាហ៍ថា ការប៉ុនប៉ងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងការវាយលុកនៅតែបន្តលើទីក្រុង Nikolaev និងKrivorozsk រួមទាំងទិសដៅផ្សេងទៀត ហើយសត្រូវកំពុងទទួលរងការខាតបង់យ៉ាងច្រើន។

លោករដ្ឋមន្ត្រីបានបន្តចោទប្រកាន់ថា ការវាយលុកត្រូវបានគ្រោងទុកដោយការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តែមួយគត់ ដើម្បីបង្កើតការបំភាន់នៅចំពោះមុខអ្នកគាំទ្រលោកខាងលិចដែលថា យោធាអ៊ុយក្រែនអាចធ្វើការវាយលុកបាន។ លោក ស៊យហ្គូ ក៏បានអះអាងដែរថា កងកម្លាំងរុស្ស៊ីបានចូលកាន់កាប់ភូមិមួយក្នុងតំបន់ Kherson ហើយបានឈានដល់ព្រំដែនរដ្ឋបាលជាមួយនឹងតំបន់ Nikolaev៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ