ហ្គាហ្សា៖ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា អគារមួយដែលមានការិយាល័យសារព័ត៌មានអន្តរជាតិ Al Jazeera និងទីភ្នាក់ងារព័ត៌មាន Associated Press (AP)  ត្រូវបានវាយប្រហារដោយការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលដែលបានបំផ្លាញខ្ទិចខ្ទី។

គេមិនទាន់ដឹងច្បាស់ទេថាតើមានមនុស្សស្លាប់និងរបួសនៅក្នុងការវាយប្រហារនេះទេ។ វីដេអូ Live Al Jazeera បានបង្ហាញពីអគារ Al Jazeera ដែលមានកម្ពស់ ១១ ជាន់និងអគារស្នាក់នៅនិងការិយាល័យជាច្រើនទៀតបានធ្លាក់ដល់ដី។

លោក Safwat al-Kahlout រាយការណ៍ពីទីក្រុងហ្គាហ្សាបាននិយាយថាអ្នករស់នៅក្នុងអគារបានទទួលការអំពាវនាវពីកងទ័ពអ៊ីស្រាអែលអំពីការវាយប្រហារដែលនឹងកើតឡើងប្រហែលមួយម៉ោងមុនពេលវាត្រូវបានវាយប្រហារ។ លោកបានបន្ថែមថា បុគ្គលិកនិងសហការីបានចាប់ផ្តើមប្រមូលរបស់របរប្រើប្រាស់ផ្ទាល់ខ្លួននិងឧបករណ៍របស់ការិយាល័យជាពិសេសកាមេរ៉ា។

យ៉ាងណាមិញគេមិនបានដឹងច្បាស់ពីមូលហេតុដែលអគារនេះត្រូវបានវាយប្រហារដោយអ៊ីស្រាអែលទេប៉ុន្តែបានកើតឡើងនៅពេលដែលអគារជាច្រើនត្រូវបានកម្ទេចបន្ទាប់ពីអ៊ីស្រាអែលព្រមាន កាំជ្រួចមីស៊ីល ក្នុងដែនដីប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សាបានឈានចូលដល់ថ្ងៃទី០៦ហើយ រីឯជនជាតិប៉ាឡេស្ទីនដែលស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកើនដល់ ១៤០នាក់ ក្នុងនោះមានកុមារ៣៩នាក់ និងស្រ្តី២២នាក់ ខណៈភាគីអ៉ីស្រាអែលមាន អ្នកស្លាប់យ៉ាងហោច៩នាក់៕

គួររម្លឹកថា នៅព្រឹកថ្ងៃសៅរ៍នេះក៏មានការវាយប្រហារតាមអាកាសមួយដែលបានកម្ទេចផ្ទះ៣ជាន់ នៅក្នុងជំរំជនភៀសខ្លួន Shati ក្នុងក្រុងហ្គាហ្សាដោយបានសម្លាប់កុមារ ៨ នាក់និងស្ត្រី ២ នាក់ផងដែរ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ