ហាណូយ៖ ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះ Son Ca នៅភាគកណ្តាលប្រទេសវៀតណាម បានរំខានចរាចរណ៍នៅលើផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូង និងផ្លូវហាយវេ។ ការរអិលបាក់ដីបានកើតឡើង ថ្មីៗនេះ នៅក្នុងខេត្ត Thua Thien Hue បានធ្វើឱ្យដី និងថ្មធ្លាក់ទៅលើផ្លូវរថភ្លើង និងស្ថានីយ៍រថភ្លើងខាងជើង-ខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន VN express នៅថ្ងៃទី១៦ តុលា ២០២២។
នៅតំបន់ខ្លះតាមបណ្ដោយផ្លូវដែកឆ្លងកាត់ Hai Van Pass ដែលជាព្រំដែនធម្មជាតិរវាង Thua Thien-Hue និងទីក្រុង Da Nang ស្រទាប់ដី និងថ្មមានកំពស់រហូតដល់ ៣០ សង់ទីម៉ែត្រ ដែលធ្វើអោយសេវាកម្មរថភ្លើងជាប់គាំង។ការបាក់ដីបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក នៅក្នុងទីក្រុង Da Nang និង Thua Thien-Hue ខណៈដែលព្យុះ Son Ca មកដល់។
លោក Hoang Gia Khanh អគ្គនាយករងនៃសាជីវកម្មផ្លូវដែកវៀតណាម បាននិយាយថា បរិមាណថ្ម និងដីដែលធ្លាក់មកមិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយសារផ្លូវរថភ្លើងឆ្លងកាត់ Hai Van មានគ្រោះថ្នាក់ខ្លាំង ហើយកម្លាំងមុខងារនឹងទៅដល់កន្លែងកើតហេតុ លុះត្រាតែមានការ ទឹកជន់លិច ហើយភ្លៀងក៏ឈប់។ ផ្លូវរូងក្រោមដី Hai Van ចំនួនពីរដែលរត់នៅក្រោម Hai Van Pass ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីទឹកជំនន់ ដី និងថ្មបានធ្លាក់ចុះពីផ្លូវឆ្លងកាត់ ហើយបានរារាំង។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ ថា ព្យុះ Son Ca បានចុះខ្សោយទៅជាព្យុះត្រូពិច កាលពីល្ងាចថ្ងៃសុក្រ ហើយបានបោកបក់លើទីក្រុង Da Nang និង Quang Nam នៅម៉ោង ៤ទៀបភ្លឺ ថ្ងៃសៅរ៍។ ប្រភពឲ្យដឹងទៀតថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងទុកថា បន្តមាននៅតាមបណ្តោយឆ្នេរសមុទ្រភាគកណ្តាល រហូតដល់ថ្ងៃអាទិត្យនេះ៕