(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានលត់គូប្រជែង Southampton រហូតដល់ទៅ ៩ទល់នឹងសូន្យ នៃការប្រកួតលីគកំពូលអង់គ្លេស Premier League នៅរាត្រីថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

គ្រាន់តែរយៈពេល ៤៥នាទីដំបូងនៃវគ្គទី១ នៅកីឡដ្ឋាន Old Trafford ដែលស្ថិតក្នុងទីក្រុង Manchester ក្រុមរបស់លោក Ole Gunnar Solskjaer អាចបំប៉ោងសំណាញ់ទីគូប្រកួតដល់ទៅ ៤គ្រាប់ពីការធ្វើបានសម្រេចដោយកីឡាករ ៤រូបផ្សេងគ្នាផងដែររួមមានខ្សែការពារ Wan-Bissaka ខ្សែប្រយុទ្ធ Rashford និង Cavani និង own goal របស់ខ្សែការពារ Bednarek របស់ Southampton។

ដោយឡែក ចូលមកដល់តង់ទី២ ក្រុមបិសាចក្រហមបន្តរកបាន ៥គ្រាប់ទៀតពីសំណាក់កីឡាករ Martial ២គ្រាប់ និង Mctominay, Bruno និង James ម្នាក់ ១គ្រាប់ផងដែរ ដែលជាជ័យជម្នះឈ្នះច្រើនគ្រាប់លើកដំបូង គិតចាប់តាំងពីបានបំបាក់ក្រុម Ipswich ក្នុងលទ្ធផល ៩-០ ដូចគ្នាកាលឆ្នាំ១៩៩៥។

យ៉ាងណាមិញ Saint ត្រូវបានបិសាចក្រហមសម្រុកដូចទឹកបាក់ទំនប់ នៅក្រោយពេលកីឡាករខ្សែការពារ Alexandre Jankewitz របស់ខ្លួនត្រូវបានពិន័យកាតក្រហមតាំងពីដើមតង់ ហើយនេះក៏ជាលទ្ធផលចាញ់ស្ពឹកមុខលើកទី២ ផងដែរនៅ Premier League គិតចាប់តាំងពីបានចាញ់ Leicester City ក្នុងលទ្ធផលនេះដែរកាលឆ្នាំ២០១៩ កន្លងទៅ។

គួរបញ្ជាក់ផងដែរថា ៣ពិន្ទុបន្ថែមនេះដែរ ធ្វើឲ្យ Manchester United មាន ៤៤ពិន្ទុឈរនៅលេខ២ បណ្តោះអាសន្នស្មើក្រុមកំពូលតារាង Manchester City ផងដែរនៅពេលដែលបិសាចក្រហមលេងបាន ២២ប្រកួត គ្រាដែលក្រុមមេឃខៀវនៅសល់ ២ប្រកួតក្នុងដៃដែលទើបលេងបាន ២០ប្រកួត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ