បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់តំបន់រងគ្រោះដោយសារទឹកជំនន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី ០៤ តុលា ២០២២។
អ្នកនាំពាក្យរដ្ឋាភិបាលស្តីទី លោក Anucha Burapachaisri បាននិយាយថា នៅក្នុងកិច្ចប្រជុំស្តីពីការផ្តល់ជំនួយ និងគ្រប់គ្រងស្ថានភាពទឹកជំនន់ លោក Prayut បានជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយអ្នកស្រុក និងសហគ្រិនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់។
បន្ថែមលើនេះ លោក ប្រាយុទ្ធ ក៏បានបញ្ជាឱ្យភ្នាក់ងារសាធារណៈ និងយោធា ចល័តបុគ្គលិក និងឧបករណ៍ ដើម្បីជួយជម្លៀសប្រជាជនដែលរងផលប៉ះពាល់ទៅកាន់តំបន់សុវត្ថិភាព និងផ្តល់ស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យដល់អ្នកដែលត្រូវការជំនួយបន្ទាន់ផងដែរ។
បើតាមលោក Anucha លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តខុនកែនភាគឦសាន និងខេត្តអ៊ូប៊ុន រ៉ាត់ឆាថានី នៅថ្ងៃអង្គារនេះ ដើម្បីត្រួតពិនិត្យមើលស្ថានភាពគ្រោះទឹកជំនន់ ។
គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ក្នុងខេត្តចំនួន ១៦ ទូទាំងប្រទេសថៃ។ នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ស្ថិតក្រោមក្រសួងមហាផ្ទៃថៃ៕