(មានវីដេអូ) Man City ឡើងឈរលើកំពូលតារាងបណ្ដោះអាសន្នក្រោយបំបាក់ West Brom ៥-០ ខណៈ Arsenal សងសឹកលើ Southampton
អង់គ្លេស៖ ក្រុម Manchester City បានលត់ក្រុម West Brom យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ដើម្បីវិលទៅឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League វិញ កាលពីថ្ងៃអង្គារ ខណៈដែលក្រុម Arsenal បានបន្ថែមក្តីសង្ឃឹមលើការប្រជែងដណ្តើមកៅអីក្នុក្របខ័ណ្ឌអឺរ៉ុបរបស់ពួកគេ តាមរយៈការដណ្តើមបានជ័យជម្នះ ៣-១ នៅលើទឹកដីក្រុម Southampton។
យ៉ាងណាមិញ ក្រុម Man City បានទទួលជ័យជម្នះ១១ប្រកួតជាប់ៗគ្នា បើគិតចាប់តាំងពីក្រុម West Brom បានទទួលលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Etihad កាលពីខែមុន។ ក្រុមរបស់លោក Pep Guardiola បានស្ថិតក្នុងទម្រង់លេងយ៉ាងល្អចាប់តាំងពីពេលនោះមក និងមិនបានជួបការខកចិត្តដោយសារតែការអវត្តមានរបស់តារាឆ្នើម Kevin De Bruyne ដើម្បីផ្តួលក្រុម West Brom ឡើយ តាមរយៈការស៊ុតបាល់បញ្ចូលទី៤គ្រាប់ នៅមុនពេលបញ្ចប់តង់ទី១។
ដោយឡែក ក្រុមរបស់លោក Mikel Arteta អតីតគ្រូបង្វឹកជំនួយរបស់លោក Guardiola ក៏កំពុងរីករាយនឹងទម្រង់លេងយ៉ាងល្អឥតខ្ចោះរបស់ក្រុមខ្លួនផងដែរ ខណៈដែលក្រុម Arsenal រកបានរហូតដល់ទៅ១៦ពិន្ទុពីការប្រកួត។
គួរបញ្ជាក់ផងដែរថា ក្រុមកាំភ្លើងធំ បានសងសឹកទៅលើការធ្លាក់ចេញពីពាន FA Cup ក្រោមស្នាដៃក្រុម Southampton កាលពីចុងសប្តាហ៍ បើទោះបីបានរបូតគ្រាប់បាល់មុនក៏ដោយ៕