បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរែស ព្រមានអំពី “គ្រោះមហន្តរាយមនុស្សធម៌” ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមដ៏គួរឱ្យភ័យខ្លាចដែលពួកតាលីបង់ត្រូវជួប នៅពេលពួកគេផ្លាស់ប្តូរពីក្រុមបះបោរទៅជាគ្រប់គ្រងអំណាច។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន CGTN៕

លោក ហ្គូដទែរែស បន្តថា នៅថ្ងៃដែលអាហ្វហ្គានីស្ថានឈានចូលដំណាក់កាលថ្មី ខ្ញុំចង់សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងនៅក្នុងប្រទេសនេះ និងការគំរាមកំហែងនៃសេវាកម្មមូលដ្ឋានដួលរលំទាំងស្រុង បន្ទាប់ពីបញ្ចប់ការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។ 

សព្វថ្ងៃនេះស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន ដែលមានប្រជាជនចំនួន១៨លាននាក់ត្រូវការជំនួយមនុស្សធម៌ដើម្បីរស់។ ជាងពាក់កណ្តាលនៃកុមារទាំងអស់ដែលមានអាយុក្រោម ៥ ឆ្នាំត្រូវបានគេរំពឹងថា នឹងមានកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរនៅឆ្នាំក្រោយ ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនបាត់បង់លទ្ធភាពទទួលបានទំនិញ និងសេវាកម្មជារៀងរាល់ថ្ងៃ ហើយថា គ្រោះមហន្តរាយមនុស្សធម៌នឹងកើតឡើង។

ដោយឡែកអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្តេហ្វេន ឌួចារិក បាននិយាយថា ការអំពាវនាវសុំជំនួយមនុស្សធម៌របស់យូអិនបច្ចុប្បន្នមានចំនួន ១,៣ ពាន់លានដុល្លារសម្រាប់អាហ្វហ្គានីស្ថាន គឺទទួលបានតែ៣៩ភាគរយប៉ុណ្ណោះ ខណៈលោក ហ្គូដទែរែស និយាយថា ការអំពាវនាវសុំជំនួយបន្ទាន់ថ្មីមួយសម្រាប់រយៈពេល៤ខែខាងមុខនេះរំពឹងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ