ច្បាស់ៗ! អ៊ីរ៉ង់ព្រមានសងសឹកវិញ ខណៈចោទប្រកាន់អ៊ីស្រាអែលថា បានវាយប្រហាររោងចក្រនុយក្លេអ៊ែរបស់ប្រទេសខ្លួន
អ៊ីរ៉ង់៖ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះបានចោទប្រកាន់ប្រទេសអ៊ីស្រាអែលចំពោះអ្វីដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ហៅថា ការវាយប្រហារភេរវកម្មមួយទៅលើទីតាំងនុយក្លេអ៊ែរ ណាតាន (Natanz) របស់ខ្លួន និងបានប្តេជ្ញាសងសឹកវិញ ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ចាវ៉ាត ហ្សារីហ្វ ត្រូវបានទូរទស្សន៍រដ្ឋដកស្រង់សម្តីចុះផ្សាយថា ពួកហ្ស៊ីយ៉ូនីស (អ៊ីស្រាអែល) ចង់ចាត់វិធានការណ៍សងសឹកចំពោះចំណាត់ការរបស់អ៊ីរ៉ង់ ដើម្បីទទួលបានការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។
លោក ហ្សារីហ្វ បានគូសបញ្ជាក់ថា ពួកហ្ស៊ីយ៉ូនីស (Zionists) ចង់សងសឹក ដោយសារតែការរីកចំរើនទៅមុខរបស់យើងនៅក្នុងការដកទណ្ឌកម្ម យើងនឹងមិនធ្លាក់ក្នុងអន្ទាក់របស់ពួកគេទេ យើងនឹងមិនអនុញ្ញាតអោយមានរឿងបែបនេះ ប៉ះពាល់ដល់កិច្ចចរចានុយក្លេអ៊ែរឡើយ ប៉ុន្តែយើងនឹងសងសឹកប្រឆាំងពួកហ្ស៊ីយ៉ូនិស(អ៊ីស្រាអែល) ។
គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ ណាតាន របស់អ៊ីរ៉ង់ បានរងការវាយប្រហារតាមអ៊ីនធើណិត នៅមួយថ្ងៃក្រោយពីរដ្ឋាភិបាលទីក្រុងតេអេរ៉ង់បញ្ចេញអោយដឹងអំពីម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីនៅទីនោះ ។ ដោយឡែកទីភ្នាក់ងារបរមាណូអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា រោងចក្រ ណាតាន បានរងការវាយប្រហារភេរវកម្ម នៅប៉ុន្មានម៉ោងក្រោយពីខ្លួនបាននិយាយថា មានឧបទ្ទវហេតុបណ្តាលអោយដាច់ចរន្តអគ្គិសនីនៅទីនោះ ៕RT