ជប៉ុន ព្រមានពីវិបត្តិជាលើកដំបូងលើកោះតៃវ៉ាន់ ស្របពេលភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិក បានគំរាមកំហែងដល់សន្តិភាព ស្ថិរភាពនៅអាស៊ីបូព៌ា
អន្តរជាតិ៖ ជប៉ុនបានព្រមានអំពីភាពតានតឹងផ្នែកយោធាដែលកំពុងកើនឡើងនៅជុំវិញកោះតៃវ៉ាន់ក៏ដូចជាការប្រជែងផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យារវាងចិននិងសហរដ្ឋអាមេរិកអាចគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅអាស៊ីបូព៌ា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១៕
នេះជាការកត់សម្គាល់ជាលើកដំបូងថារបាយការណ៍ (PDF) ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga នៅថ្ងៃអង្គារបានលើកយកបញ្ហាស្ថិរភាពនៅជុំវិញកោះតៃវ៉ាន់។
នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួននៅលើកោះតៃវ៉ាន់បាននិយាយថា ប្រទេសចិនបានពង្រឹងសកម្មភាពយោធាបន្ថែមទៀតនៅជុំវិញកោះតៃវ៉ាន់រួមទាំងយានអវកាសរបស់ចិនចូលទៅក្នុងដែនអាកាសភាគនិរតីនៃកោះតៃវ៉ាន់។ ក្នុងពេលនេះសហរដ្ឋអាមេរិកបានបង្ហាញជំហរច្បាស់លាស់ក្នុងការគាំទ្រដល់កោះតៃវ៉ាន់ក្នុងទិដ្ឋភាពយោធាដូចជាការដឹកជញ្ជូនតាមនាវាអាមេរិកតាមរយៈច្រកសមុទ្រតៃវ៉ាន់និងការលក់អាវុធជាដើម។
សេចក្តីថ្លែងការណ៍និយាយថា ស្ថេរភាពស្ថានការណ៍ជុំវិញកោះតៃវ៉ាន់មានសារសំខាន់សម្រាប់សន្តិសុខជប៉ុននិងស្ថេរភាពសហគមន៍អន្តរជាតិផងដែរ។ ដូច្នេះវាចាំបាច់ណាស់ដែលយើងត្រូវយកចិត្តទុកដាក់លើស្ថានការណ៍ដែលមានវិបត្តិកាន់តែខ្លាំងជាងពេលណាទាំងអស់។
យ៉ាងណាមិញ ទីក្រុងប៉េកាំងអះអាងថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនហើយមិនដែលច្រានចោលការប្រើប្រាស់កម្លាំងដើម្បីដណ្តើមកាន់កាប់កោះនេះឡើយ។
គួររម្លឹកថា កាលពីដើមខែនេះប្រធានាធិបតីចិន លោកស៊ីជីន ពីង បានសន្យាបញ្ចប់ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ខណៈដែលយោធាចិនកាលពីខែមិថុនាបានចាត់ទុកសហរដ្ឋអាមេរិកថាជាអ្នកបង្កើតហានិភ័យដ៏ធំបំផុតនៅក្នុងតំបន់នៅពេលនាវាចម្បាំងអាមេរិកបានឆ្លងកាត់ផ្លូវទឹកតូចចង្អៀតដែលបំបែកកោះតៃវ៉ាន់ពីចិន។
លើសពីនេះទៅទៀត ទីក្រុងតូក្យូកាន់តែមានការជជែកវែកញែកអំពីបញ្ហានេះដោយលោកឧបនាយករដ្ឋមន្រ្តីជប៉ុន Taro Asa បានថ្លែងកាលពីដើមខែនេះថាប្រទេសជប៉ុនគួរតែរួមកម្លាំងជាមួយអាមេរិកដើម្បីការពារកោះតៃវ៉ាន់ពីការឈ្លានពានណាមួយ។ RT