អឺរ៉ុប៖ ខ្សែបម្រើ Paul Pogba បានរកគ្រាប់បាល់ឈ្នះក្នុងពេលវិលចូលលេងវិញពីរបួស ខណៈដែលក្រុម Manchester United បានផ្តួលក្រុម AC Milan ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍។
ជាមួយគ្នានោះដែរ ក្រុម Arsenal បានឡើងក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ស្របពេលដែលក្រុម Dinamo Zagreb បានទម្លាក់ក្រុម Tottenham Hotspur ក្រោយពីនាទីបន្ថែម១៥នាទី២ដង។
ខ្សែបម្រើអន្តរជាតិបារាំងរូបនេះ បានរកគ្រាប់បាល់កាត់សេចក្តីនាទីកីឡដ្ឋាន San Siro ក្នុងរយៈពេលត្រឹមតែ៤នាទីប៉ុណ្ណោះ ក្រោយពីចូលជំនួស Marcus Rashford នៅពាក់កណ្តាលតង់ទី១ ខណៈដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់ AC Milan បានយ៉ាងល្អ។
យ៉ាងណាមិញ អ្នកចាំទី Dean Henderson របស់ Man United បានសង្គ្រោះបាល់យ៉ាងល្អ ពីការស៊ុតរបស់កីឡាករ Zlatan Ibrahimovic ដែលប្រកួតជាមួយនឹងអតីតក្លិបរបស់គេ ខណៈដែល Man United បានទទួលជ័យជម្នះក្នុងការប្រកួតទាំង២ជើងក្នុងលទ្ធផល ២-១។
គួរបញ្ជាក់ផងដែរថា ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌអឺរ៉ុប៣សម័យកាលមួយនេះ គឺជាក្លិបមួយក្នុងចំណោមក្លិប២របស់អង់គ្លេស ដែលនឹងត្រូវមានវត្តមានក្នុងការចាប់ឆ្នោតនៅរាត្រីនេះ សម្រាប់វគ្គ៨ក្រុមចុងក្រោយ ខណៈដែលក្រុម Arsenal ក៏បានឈានទៅវគ្គបន្តផងដែរ បើទោះបីរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Olympiakos ក្នុងការប្រកួតជើងទី២៕