ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសប្តេជ្ញាថា មិនអនុញ្ញាតឱ្យមាន «កំហុសខាងនយោបាយ» កើតឡើងម្តងទៀតឡើយនៅប្រទេសកម្ពុជា ពោល គឺមិនអនុញ្ញាតឲ្យមានសង្រ្គាមផ្ទៃក្នុង ដែលជាកត្តាកាត់ផ្ទាច់ការអភិវឌ្ឍ និងឫសគល់ នៃធនធានមនុស្សរបស់កម្ពុជា។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង ៣ពាន់នាក់ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យមានកំហុសខាងនយោបាយនេះ គឺតាមរយៈការរក្សាឱ្យបាននូវសុខសន្តិភាព ឱ្យបានពេញលេញនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បន្ដថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាពឱ្យបាន។

សម្ដេចតេជោ បន្ថែមថា ដោយសារតែកំហុសខាងនយោបាយ និយាយឲ្យចំ គឺដោយសារតែមានរដ្ឋប្រហារឆ្នាំ១៩៧០ ទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ បង្កើតឱ្យមានសង្គ្រាម នៅប្រទេសកម្ពុជា។

សម្ដេចតេជោ បានលើកឡើងថា អំឡុងពេលនោះ ប្រទេសកម្ពុជា មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ហើយវិស័យនានាក៏មានការអភិវឌ្ឍផងដែរ។ សម្រាប់យុវជនសម័យនោះ បានទទួល និងទាញយកផលប្រយោជន៍យ៉ាងច្រើន ពីសន្តិភាពដែលកើតចេញក្រោយសម័យឯករាជ្យ ដឹកនាំដោយសម្ដេចព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ