សម្ដេចតេជោ ហ៊ុន សែន ៖ ក្នុងបរិបទកូវីដ-១៩ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំងចាប់យកឱកាសនេះ ពង្រឹងប្រព័ន្ធស្បៀង
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងបរិបទនៃវិបត្តិកូវីដ-១៩ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសនូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំងចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បឿង តាមរយៈការដាក់ចេញវិធានការជាបន្ដបន្ទាប់។តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៨ ក្រោមប្រធានបទ «ការព្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ចេញផ្សាយថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ-១៩នេះ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងស្បៀងអាហារប្រកបដោយគុណភាព និងសុវត្ថិភាពទៅទីផ្សារក្នុងតំបន់និងពិភពលោកទៀតផង»។
សម្ដេចតេជោ បានបន្ដថា រាជរដ្ឋាភិបាល មានការប្ដេជ្ញាចិត្តខ្ពស់ ដោយឈរលើកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំឈានទៅសម្រេចបាន ចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។ សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក ដូចជា ៖ ការដាក់ចេញសេចក្ដីថ្លែងការណ៍រួមស្តីពីអាហារូបត្ថម្ភ ក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺវីដ-១៩, ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវផែនការសកម្មភាព សកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ, ការចូលជាសមាជិកនៃចលនាបង្កើនអាហារូបត្ថម្ភ ពិភពលោក (Global SUN Movement) អាហារូបត្ថម្ភដើម្បីការលូតលាស់និងកំណើន (Nutrition for Growth) កិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង និងការអនុវត្តនូវគំនិតផ្តួចផ្តើមស្ដីពីការកាត់បន្ថយភាពអត់ឃ្លានឲ្យ ដល់កម្រិតសូន្យរបស់អង្គការសហប្រជាជាតិ។
សម្ដេចតេជោ បានបន្ថែមថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលនឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារៈសំខាន់ មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ រាជរដ្ឋាភិបាលនឹងបន្តខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយរងគ្រោះ វិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាននិងជួយកាត់បន្ថយផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញឲ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត