ទីបំផុត សិង្ហបុរី ឈានដល់ការកំណត់ថា «បុគ្គលិករដ្ឋដែលបដិសេធចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អាចនឹងត្រូវសម្រាកពីការងារ ដោយមិនមានប្រាក់ខែ»
(សិង្ហបុរី)៖នាយកដ្ឋានសេវាកម្មសាធារណៈ (PSD) នៃប្រទេសសិង្ហបុរី បានបញ្ជាក់ថា បុគ្គលិករដ្ឋទាំងអស់នៅក្នុងប្រទេសសិង្ហបុរី ដែលជ្រើសរើសនៅតែមិនទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 អាចត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ដោយមិនទទួលបានប្រាក់ឈ្នួលឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នាយកដ្ឋានសេវាកម្មសាធារណៈ (PSD) នៃប្រទេសសិង្ហបុរី បាននិយាយថាការសម្រេចចិត្តខាងលើធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅនេះថា មានតែបុគ្គលិកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ឬអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ២៧០ថ្ងៃចុងក្រោយប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកន្លែងធ្វើការវិញចាប់ពីឆ្នាំ២០២២ខាងមុខនេះតទៅ។
ដោយឡែក អ្នកនាំពាក្យ PSD បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះតទៅ ខ្លួននឹងព្យាយាមធ្វើឱ្យអស់ពី សមត្ថភាព ដើម្បីអនុញ្ញាតឱ្យមន្រ្តីដែលមិនបានទទួលការចាក់វ៉ាក់សាំង អាចធ្វើការពីផ្ទះបាន ប្រសិនបើការងារនោះអនុញ្ញាត។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បើមិនដូច្នេះទេ មន្រ្តីទាំងនេះ អាចនឹងត្រូវប្ដូរទៅកាន់ការងារផ្សេងទៀតដែលអាចធ្វើការពីផ្ទះបាន ប្រសិនបើការងារបែបនេះអាចរកបាន ជាមួយការទទួលប្រាក់ឈ្នួលដែលសមស្របនឹងទំនួលខុសត្រូវនៃការងារនោះ។ ប៉ុន្តែ ប្រសិនបើមន្ត្រីទាំងនេះ ជ្រើសរើសនៅតែមិនទទួលការចាក់វ៉ាក់សាំង ហើយបើពួកគាត់ មិនអាចប្ដូរការងារបានទេ គាត់អាចត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារដោយមិនទទួលបានប្រាក់ឈ្នួលឡើយ ដែលវាគឺជាជាមធ្យោបាយចុងក្រោយហើយ៕PP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត