ព្រះវិហារ ៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ២នាក់ និងគ្រឿងញៀន២០០គីឡូ ទៅតុលាករខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នេះបើតាមការអោយដឹងពី លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន។សូមជម្រាបថា ដោយអនុវត្តន៍តាមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ  ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន  និងលោក សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់តាំងដឹកនាំស្រាវជ្រាវ និងឈានដល់ការបង្ក្រាប នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដោយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញ (ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង នាយកដ្ឋានស៊ើបការណ៍និងបច្ចេកទេស ដោយមានការសម្របសម្រួល ដឹកនាំ ពីឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែនតាមផ្លូវទឹក ។
ជាលទ្ធផលចាប់ខ្លួនជនសង្ស័យ ២នាក់ ភេទប្រុស និងចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់៣ (ឥណ្ឌា) ១គ្រឿង ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ