ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក អំពាវនាវឱ្យនិស្សិតកម្ពុជា ពន្យារពេលត្រឡប់មកមាតុប្រទេស
ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់សិស្ស-និស្សិតកម្ពុជាទាំងអស់ ពន្យារពេលជាបណ្តោះអាសន្នក្នុងការធ្វើដំណើរត្រឡប់មកមាតុប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា និងបង្ការហានិភ័យខ្ពស់នៃការធ្វើដំណើរតាមយន្តហោះ។
តាមរយៈសេចក្ដីអំពាវនាវ ដែលចេញកាលពីថ្ងៃទី ២៥ មីនា ឆ្នាំ ២០២០ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលពុំមានផែនការជម្លៀសសិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមបណ្ដាប្រទេសនានាឡើយ ដូ ច្នេះ ស្ថានទូតកម្ពុជា បានធ្វើការស្នើសុំដល់សិស្ស និស្សិតកម្ពុជាទាំងអស់ពន្យាពេលក្នុងការធ្វើដំណើរវិលត្រឡប់មកមាតុប្រទេសវិញរហូតដល់មានការជូនដំណឹងជាថ្មី។
ចំពោះសិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា ឬសាលាបិទទ្វារ ហើយបានរៀបចំរួចរាល់ក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ស្ថានទូតកម្ពុជាស្នើពន្យាពេលជាបណ្ដោះអាសន្ន។ ចំណែកសិស្ស និស្សិត ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ត្រូវបន្តសិ្ថតនៅតាមទីកន្លែងរស់នៅរបស់ខ្លួន ដើម្បីរក្សាសុវត្ថិភាព និងការពារខ្លួនឲ្យបានហ្មត់ចត់ ចំពោះមុខគ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺកូវីដ១៩៕