មេដឹកនាំកូរ៉េខាងជើងរឹតបន្តឹងវិន័យបក្សកាន់អំណាច ដោយធ្វើការតែងតាំងសមាជិកថ្មីនៃការិយាល័យនយោបាយ
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពង្រឹងវិន័យគណបក្សពលករ (Workers' Party) ដែលកំពុងកាន់អំណាច និងបានតែងតាំងសមាជិកថ្មីនៃការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់ខ្លួន។
គណៈកម្មាធិការកណ្តាលរបស់គណបក្ស បានបើកកិច្ចប្រជុំពេញអង្គមួយ សម្រាប់ថ្ងៃទី៤ និងចុងក្រោយ ដែលជាកន្លែងដែលខ្លួនបានពិនិត្យឡើងវិញនូវបញ្ហារបស់អង្គភាព និងមនោគមវិជ្ជាសម្រាប់អង្គភាពដឹកនាំកណ្តាលរបស់ខ្លួន។
KCNA បានផ្សាយថា សមាជិកនៃថ្នាក់ដឹកនាំមួយចំនួនបានសម្តែងនូវវិប្បដិសារីចំពោះការខកខានមិនបានធ្វើតាមការរំពឹងទុករបស់ខ្លួន បន្ទាប់ពី លោក គីម បានចង្អុលបង្ហាញពីបញ្ហាធ្ងន់ធ្ងរជាមួយនឹងរបៀបរស់នៅរបស់ពួកគេ។
KCNA ក៏បានបន្តទៀតថា អ្នកនយោបាយដ៏មានឥទ្ធិពលរបស់គណៈកម្មាធិការកណ្តាលក៏បានបោះឆ្នោតជ្រើសរើស លោក Thae Hyong Chol អនុប្រធាននៃប្រធានសភាប្រជាជនជាន់ខ្ពស់ ជាសមាជិកថ្មី និងលោក U Sang Chol ជាមន្ត្រីនៅគណៈកម្មាធិការសវនកម្មកណ្តាលរបស់គណបក្សជាសមាជិកជំនួស។
គួររំលឹកថា ពិធីជំនួបប្រជុំនេះបានចាប់ផ្តើមនៅថ្ងៃអង្គារ។ ក្នុងអំឡុងពេលវគ្គមុនៗ លោក គីម បានអំពាវនាវឱ្យមានវិធានការណ៍ដើម្បីដោះស្រាយស្ថានការណ៍ស្បៀងអាហារ ដែលមានភាពតានតឹង ដោយស្តីបន្ទោសការរីករាលដាលនៃមេរោគឆ្លង និងព្យុះទីហ្វុងកាលពីឆ្នាំមុន ក៏ដូចជាបានជំរុញឱ្យមានការរៀបចំសម្រាប់ទាំងការសន្ទនានិងការប្រឈមមុខជាមួយសហរដ្ឋអាមេរិក នៅក្នុងការតបតរផ្ទាល់របស់លោកទៅកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ។ NR