ឌូបៃ៖ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូធី នៅយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីតថា ការវាយប្រហារដោយមីស៊ីលផ្លោងមួយ សំដៅឆ្ពោះទៅតំបន់ភាគខាងកើតជាកន្លែងដែលសម្បូរប្រេងរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានទប់ស្កាត់ កាលពីថ្ងៃសៅរ៍។

មីស៊ីលនេះត្រូវបានឃាត់បាន នៅលើទីក្រុង Dammam នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះដែលសុំមិនបញ្ចេញឈ្មោះ ក៏ដូចជារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គម។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA របស់អារ៉ាប៊ីសាអូឌីត បានដកស្រង់សេចក្តីថ្លែងការណ៍មួយដោយក្រសួងការពារជាតិបានឲ្យដឹងថា គ្រាប់កាំភ្លើងមីស៊ីលដែលបានរាយប៉ាយនៅជិតតំបន់ជិតខាង Dammam បណ្តាលឲ្យកុមារអារ៉ាប៊ីសាអូឌីតពីរនាក់រងរបួស ខណៈផ្ទះសម្បែងចំនួន ១៤ ខ្នង រងការខូចខាតក្នុងកំរិតស្រាល។

ជាក់ស្តែង ក្រុមចម្រុះបានស្តីបន្ទោសការវាយប្រហារនេះទៅលើកងកម្លាំង ហ៊ូធី ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។ មិនមានការអះអាងភ្លាមៗអំពីការទទួលខុសត្រូវនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលដឹកនាំដោយក្រុមឧទ្ទាមហ៊ូធី នោះទេ។

ក្រុមចម្រុះបាននិយាយផងដែរថា ខ្លួនបានស្ទាក់ចាប់និងកម្ទេចមីស៊ីលផ្លោងដែលឆ្ពោះទៅទីក្រុង Jazan និង Najran ទាំងពីរនៅភាគខាងត្បូងប្រទេស។ ហើយក្រុមចំរុះមុននេះក៏បានរាយការណ៍ពីការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលមានផ្ទុកគ្រាប់បែកផ្ទុះចំនួន ៣ គ្រឿងផងដែរ។

គួររំលឹកថា ប្រភពមួយដែលដឹងអំពីបញ្ហានេះក៏បានបញ្ជាក់ថា មិនមានផលប៉ះពាល់ដល់គ្រឿងបរិក្ខារដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងដ៏ធំរបស់អារ៉ាប៊ីសាអូឌីតដែលគ្រប់គ្រងដោយរដ្ឋនោះទេ ហើយការវាយប្រហារនេះបានកើតឡើងនៅខាងក្រៅរោងចក្រ Aramco។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ