មន្រ្តីកូរ៉េខាងជើងបានពិនិត្យមើលការខូចខាតដោយសារទឹកជំនន់ ក្រោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារនៅតាមឆ្នេរសមុទ្រ
SEOUL៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានត្រួតពិនិត្យតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងជាថ្មីម្តងទៀត បានវាយប្រហារទីប្រជុំជននៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត និងបង្កការព្រួយបារម្ភអំពីការខូចខាតដំណាំ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោក Kim Tok Hun រដ្ឋមន្រ្តីកូរ៉េខាងជើងបានធ្វើដំណើរទៅកាន់តំបន់នានានៃខេត្ត Hamgyong ខាងត្បូង ដោយថ្លែងទៅកាន់កងទ័ព និងអ្នកជួយសង្គ្រោះបន្ទាន់ផ្សេងទៀត ដែលបានប្រមូលផ្តុំគ្នាដើម្បីជួយជួសជុលការខូចខាតថា “ស្វែងយល់ពីស្ថានភាពរស់នៅរបស់ជនរងគ្រោះដោយទឹកជំនន់ ហើយក៏បានសង្កត់ធ្ងន់លើតម្រូវការរបស់មន្រ្តីថ្នាក់ខេត្ត ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះបានទាន់ពេលវេលា ខណៈពេលដែលបានចែករំលែកទុកជាមួយពួកគេ” ។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KRT បានរាយការណ៍ថា តំបន់ខ្លះនៃខេត្ត Hamgyong ខាងជើង ត្រូវបានវាយប្រហារដោយទឹកភ្លៀងថ្មីរហូតដល់ ៣០០ មីលីម៉ែត្រ (១១.៨ អ៊ីញ) កាលពីថ្ងៃពុធ ផងដែរ។
គួររំលឹកថា កាលពីខែមិថុនា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ប្រទេសនេះប្រឈមមុខនឹងស្ថានភាពស្បៀងអាហារដ៏តានតឹង ដោយលើកឡើងពីការរីករាលដាលនៃជំងឺឆ្លង និងព្យុះទីហ្វុងកាលពីឆ្នាំមុន ហើយរលកថ្មីនៃព្យុះបានធ្វើឱ្យមានការព្រួយបារម្ភអំពីកង្វះស្បៀងអាហារ។ NR