CONAKRY៖ ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការផ្ទុះឡើងនៃជំងឺអេបូឡាដែលបានចាប់ផ្តើមនៅភាគអាគ្នេយ៍នៃប្រទេស Guinea កាលពីខែកុម្ភៈ ដោយបានឆ្លងដល់មនុស្សចំនួន ១៦ នាក់ និងស្លាប់ចំនួន ១២ នាក់ ត្រូវបានប្រកាសបញ្ចប់ហើយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Remy Lamah បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីConakry ថា “ខ្ញុំសូមប្រកាសយ៉ាងឱឡារិកនូវការបញ្ចប់នៃការផ្ទុះជំងឺអេបូឡា នៅប្រទេស Guinea” ដែលនាំឱ្យមានការអបអរសាទរពីបុគ្គលិកសុខាភិបាល ដែលឃ្លាំមើលពីចំណុចកណ្តាលនៃការផ្ទុះឡើងនៅ Nzerekore នោះ។

អាជ្ញាធរសុខាភិបាលអាចធ្វើចលនាបានយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងការកើតឡើងវិញនៃវីរុស (វីរុសនេះបណ្តាលឱ្យមានការហូរឈាមធ្ងន់ធ្ងរ និងការចុះទន់ខ្សោយនៃសរីរាង្គ ហើយត្រូវបានរាលដាលតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវនៃរាងកាយ) បន្ទាប់ពីមេរៀនដែលបានរៀនពីការផ្ទុះកាលពីពេលមុនៗនៅក្នុងប្រទេស Guinea នេះ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo)។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ផ្អែកលើមេរៀនដែលបានរៀនពីការផ្ទុះឡើងក្នុងឆ្នាំ ២០១៤–២០១៦ និងតាមរយៈកិច្ចប្រឹងប្រែងឆ្លើយតបដែលមានការសម្របសម្រួលយ៉ាងឆាប់រហ័ស…ប្រទេស Guinea  អាចគ្រប់គ្រងការផ្ទុះឡើង និងការពារការរីករាលដាលហួសព្រំដែនរបស់ខ្លួនបាន”។

គួររំលឹកថា ការផ្ទុះនៃជំងឺអេបូឡា នៅឆ្នាំ ២០១៤-២០១៦ បានសម្លាប់មនុស្ស ១១,៣០០ នាក់ភាគច្រើននៅ ប្រទេស Guinea, Sierra Leone និង Liberia។ អង្គការសុខភាពពិភពលោកបានជួយផ្គត់ផ្គង់វ៉ាក់សាំងអេបូឡា ចំនួន ២៤.០០០ ដូស ដែលជួយដល់ប្រជាជនជិត ១១.០០០ នាក់ នៅក្នុងតំបន់ រួមទាំងបុគ្គលិកសុខាភិបាល ជួរមុខជាង ២.៨០០ នាក់ ផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ