ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានប្រកាសពីការរកឃើញករណីឆ្លងមេរោគអុតស្វា ជាលើកដំបូង លើខ្លួនបុគ្គលម្នាក់ដែលទើបនឹងត្រឡប់មកពីប្រទេស ដែលមិនមានប្រវត្តិឆ្លងជំងឺនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន CNA នៅថ្ងៃទី ២១ សីហា ២០២២។
អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Mohammad Syahril បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ទី២០ សីហាថា បុរសអាយុ ២៧ឆ្នាំ បានធ្វើតេស្តវិជ្ជមាន នៃជំងឺអុតស្វា នៅក្នុងរដ្ឋធានីហ្សាកាតា កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ។
បុរសជនជាតិឥណ្ឌូណេស៊ីរូបនេះ មានសុខភាពធម្មតា និងចេញរោគសញ្ញាស្រាល ហើយកំពុងស្នាក់នៅដាច់ដោយឡែកពីគេក្នុងផ្ទះ។ ប៉ុន្តែមិនបានប្រាប់ថាអ្នកជំងឺរូបនេះទើបនឹងត្រឡប់មកពីប្រទេសណានោះទេ។អ្នកនាំពាក្យរូបនេះបានបន្ថែមថា យើងកំពុងតាមដានលើអ្នកដែលបានប្រាស្រ័យទាក់ទងជិតស្និទ្ធ នឹងបុរសខាងលើនេះ ដោយបន្ថែមថា រដ្ឋាភិបាលកំពុងស្ថិតក្នុងដំណើរការនៃការផ្គត់ផ្គង់វ៉ាក់សាំងប្រហែល ១០,០០០ដូស សម្រាប់ជំងឺអុតស្វា។ក្រសួងសុខាភិបាលបានជំរុញឲ្យពលរដ្ឋកុំជ្រួលច្របល់ និងបានធានាដល់សាធារណជនថា ជំងឺអុតស្វាអាចព្យាបាលបាន ។
រហូតមកដល់ពេលនេះ មន្រ្តីជំនាញបានធ្វើតេស្តករណីសង្ស័យចំនួន ២២ មកពីទូទាំងប្រទេស ដែលទាំងអស់សុទ្ធតែអវិជ្ជមាន។RT