ប៉ាគីស្ថាន៖ មនុស្សរាប់សិបម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីទឹកទន្លេដែលហក់ឡើងយ៉ាងលឿនបានបំផ្លាញស្ពានដ៏សំខាន់មួយ ខណៈដែលទឹកជំនន់ដ៏សាហាវបង្កការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស។
ទឹកជំនន់ដ៏ខ្លាំងក្លាមួយនៅភាគខាងជើងនៃខេត្ត Khyber Pakhtunkhwa បានបណ្តាលឱ្យទឹកទន្លេកាប៊ុល ហក់ឡើងយ៉ាងលឿន បោកបក់កាត់ស្ពានដ៏ធំមួយពេញមួយយប់ ដោយកាត់ផ្តាច់ផ្លូវសំរាប់ចេញចូលរបស់ស្រុកមួយចំនួន។
យោងតាមមន្ត្រីគ្រោះមហន្តរាយ បានឱ្យដឹងថា ការភ័យខ្លាចនៃទឹកជំនន់នៅជុំវិញច្រាំងទន្លេបានជំរុញឱ្យប្រជាជនប្រហែល ១៨០.០០០ នាក់ នៅក្នុងស្រុក Charsadda ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយអ្នកខ្លះបានចំណាយពេលមួយយប់នៅលើផ្លូវហាយវេជាមួយសត្វចិញ្ចឹមរបស់ពួកគេ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីបម្រែបម្រួលអាកាសធាតុរបស់ប្រទេសបាននិយាយថា ភ្លៀងមូសុងជាប្រវត្តិសាស្ត្រ និងទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន បានប៉ះពាល់ដល់មនុស្សជាង ៣០ លាននាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយហៅស្ថានភាពនេះថាជា "គ្រោះមហន្តរាយដែលបង្កឡើងដោយអាកាសធាតុនៃសមាមាត្រវីរភាព" ។
ក្រុមយោធាបានចូលរួមជាមួយអាជ្ញាធរជាតិនិងខេត្តរបស់ប្រទេស ក្នុងការទប់ទល់នឹងទឹកជំនន់ ហើយមេទ័ពប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ ក៏បានធ្វើទស្សនកិច្ចនៅខេត្ត Balochistan ភាគខាងត្បូងដែលត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយភ្លៀងធ្លាក់ផងដែរ។
ជាងនេះទៀតសោដ មេដឹកនាំប៉ាគីស្ថានបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយ និងរៀបចំផែនការបើកមូលនិធិអំពាវនាវអន្តរជាតិ។ យ៉ាងណាម៉ិញ ក្រសួងការបរទេសបាននិយាយថា ប្រទេសទួរគីបានបញ្ជូនក្រុមមួយដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
គួរបញ្ជាក់ថា នៅឯប្រទេសជិតខាងអាហ្វហ្គានីស្ថាន រដ្ឋបាលតាលីបង់ក៏បានអំពាវនាវសុំជំនួយផងដែរ បន្ទាប់ពីមានទឹកជំនន់នៅខេត្តភាគកណ្តាល និងភាគខាងកើត។ NR