មនុស្ស ៦ នាក់ បានស្លាប់បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងកក្រើកកម្រិត ៦,៦ រ៉ិចទ័រ នៅប្រទេសនេប៉ាល់
បរទេស៖ ក្រុមមន្ត្រីរបស់ប្រទេសនេប៉ាល់បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ បានវាយប្រហារប្រទេស កាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៦ នាក់ និងបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងស្រុក Doti ភាគខាងលិច ជិតទីក្រុងដែលមានប្រជាជនច្រើនរស់នៅ។
លោក Bhola Bhatta អគ្គនាយករងប៉ូលីសនៅទីក្រុង Doti បាននិយាយថា មនុស្ស ៥ នាក់ ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលផ្ទះចំនួន ៨ ខ្នង បានដួលរលំ នេះបើតាមការបញ្ជាក់អំពីតួលេខមុនដែលចែករំលែកដោយមន្ត្រីទទួលបន្ទុក លោក Tulsi Rijal ។
ប្រទេសនេប៉ាល់នៅតែកំពុងកសាងឡើងវិញបន្ទាប់ពីការរញ្ជួយដីដ៏ធំចំនួន ២ ក្នុងឆ្នាំ ២០១៥ បានសម្លាប់មនុស្សជិត ៩.០០០ នាក់ ដោយស្ទើរតែបំផ្លាញទីក្រុងទាំងមូល និងប្រាសាទដែលមានអាយុកាលរាប់សតវត្ស និងបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចក្នុងទឹកប្រាក់ចំនួន ៦ ពាន់លានដុល្លារ។
យ៉ាងណាម៉ិញ លោក Narayan Silwal អ្នកនាំពាក្យរបស់កងទ័ពនេប៉ាល់បាននិយាយថា ក្រុមជួយសង្គ្រោះជើងគោកមួយ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងនោះ ហើយឧទ្ធម្ភាគចក្រពី ២ គ្រឿង កំពុងឈរត្រៀមនៅក្បែរទីក្រុង Surkhet និង Nepalgunj ។
ស្របពេលជាមួយគ្នានេះ មជ្ឈមណ្ឌលរញ្ជួយដីរបស់ប្រទេសនេប៉ាល់ បានកំណត់ការរញ្ជួយដីក្នុងកម្រិត ៦,៦ រ៉ិចទ័រ។ ជាមួយនេះដែរ មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (ហៅកាត់ EMSC) បានកំណត់ការរញ្ជួយដីតែក្នុងកម្រិត ៥,៦ រ៉ិចទ័រ ប៉ុណ្ណោះ។
ដោយឡែក EMSC បានបន្ថែមថា គ្រោះរញ្ជួយដីនេះ ស្ថិតនៅចំកណ្តាលប្រហែល ១៥៨ គីឡូម៉ែត្រ (ប្រមាណ ១០០ ម៉ាយល៍) ភាគឦសាននៃទីក្រុង Pilibhit ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើន ជិតខាងប្រទេសឥណ្ឌាក្នុងរដ្ឋ Uttar Pradesh ហើយបានកើតឡើងនៅជម្រៅ ១០ គីឡូម៉ែត្រ។
គួរជម្រាបថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីគ្រោះរញ្ជួយដីបានបង្ហាញពីការញ័រ ក៏ត្រូវបានគេមានអារម្មណ៍នៅក្នុងរដ្ឋធានីញូវដេលី របស់ប្រទេសឥណ្ឌា និងតំបន់ជុំវិញផងដែរ។ NR