ស៊ីដនី៖ អាជ្ញាធរបាននិយាយថា រថភ្លើងដឹកអ្នកដំណើរមួយ នៅព្រឹកព្រលឹមបានរអិលធ្លាក់ផ្លូវ បន្ទាប់ពីបានបុករថយន្តដែលបោះបង់ចោលនៅលើផ្លូវក្បែរទីក្រុងស៊ីដនី កាលពីថ្ងៃពុធ ដោយបានធ្វើអោយអ្នកបើកបរជាប់នៅខាងក្នុង និងបណ្តាលឲ្យអ្នកផ្សេងទៀតរងរបួសស្រាល។

សេវាកម្មសង្គ្រោះបន្ទាន់បាននិយាយថា រថភ្លើងដែលមានទូសណ្តោងចំនួន ៤ គ្រឿង បានបុករថយន្តនៅទីក្រុង Wollongong ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ (៥៦ ម៉ាយល៍) ភាគខាងត្បូងទីក្រុងស៊ីដនី នៅវេលាម៉ោង ៤.១៥ នាទីព្រឹក ម៉ោងក្នុងស្រុក ដោយបានរុញរទេះខាងមុខផ្អៀងធ្លាក់ទៅម្ខាង ហើយរទេះទី ២ ក្រឡាប់។

យ៉ាងណាម៉ិញ អ្នកបើករថភ្លើងត្រូវបានអ្នកពន្លត់អគ្គិភ័យជួយសង្គ្រោះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួមជាមួយអ្នកយាមម្នាក់និងអ្នកដំណើរពីរនាក់ ក្នុងចំណោមអ្នកដំណើរទាំង ៩ នាក់ ក្នុងរថភ្លើង។

ប៉ូលីសបាននឹងកំពុងត្រួតពិនិត្យកន្លែងឧក្រិដ្ឋកម្ម បន្ទាប់ពីមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថា បានរត់ចេញពីកន្លែងកើតហេតុ។ គេមិនដឹងថារថយន្តនោះបានចតនៅលើផ្លូវដែកអស់រយៈពេលប៉ុន្មាន មកហើយនោះទេ។

ជាក់ស្តែង ចំនួនអ្នកដំណើរនៅលើរថភ្លើងក្នុងនិងជុំវិញទីក្រុងស៊ីដនី នៅតែមានកម្រិតទាបជាងមុនពេលមានជំងឺរាតត្បាត ខណៈទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ កំពុងចាប់ផ្តើមបើកដំណើរការឡើងវិញ។

គួររំលឹកថា ឧបទ្ទវហេតុនេះបានបន្ថែមបញ្ហាធ្វើដំណើរជុំវិញទីក្រុងស៊ីដនី ដែលអ្នកបើកបររថភ្លើងបានគ្រោងធ្វើកូដកម្មលើគម្រោងឯកជនភាវូបនីយកម្ម កាលពីថ្ងៃពុធ ដែលត្រូវបានគេរំពឹងថានឹងបិទរថភ្លើងចំនួន ៧០% ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ