(អេហ្សុីប)៖ អាជ្ញាធរអេហ្ស៊ីបបានរាយការណ៍ឲ្យដឹងថា រថភ្លើងពីរគ្រឿងបានបុកគ្នាយ៉ាងរន្ធត់នៅថ្ងៃសុក្រនេះ នៅភាគខាងត្បូងប្រទេសអេហ្ស៊ីប បណ្តាលឲ្យទូរដឹកអ្នកដំណើរចំនួន ០៣គ្រឿងបានក្រឡាប់ ខណៈមនុស្ស ៣២នាក់ស្លាប់បាត់បង់ជីវិត និង៦៦នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា រថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងបានចេញដំណើរយ៉ាងប្រញាប់ប្រញាលទៅកាន់កន្លែងកើតហេតុ ដែលស្ថិតនៅភាគខាងត្បូងខេត្តសូហាក (Sohag)។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញវីដេអូពីកន្លែងកើតហេតុ ដែលបង្ហាញពីកំណាត់រថភ្លើងបុកគ្នាយ៉ាងសាហាវ ខណៈអ្នកដំណើរកំពុងជាប់នៅខាងក្នុង និងព័ទ្ធជុំវិញដោយគំនរបាក់បែក។ ជនរងគ្រោះខ្លះដេកសន្លប់បាត់ស្មារតី ខណៈពេលដែលអ្នកផ្សេងទៀតកំពុងហូរឈាម។

ទោះជាយ៉ាងណា មូលហេតុនៃឧបទ្ទវហេតុខាងលើមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ប៉ុន្តែគេគ្រាន់តែដឹងថា ប្រព័ន្ធផ្លូវដែករបស់ប្រទេសអេហ្ស៊ីប គឺមានភាពអន់ខ្សោយណាស់ ចំណែកការគ្រប់គ្រង់ដ៏ដូចគ្នាដែរ។ គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតនៅក្នុងប្រទេសអេហ្ស៊ីបបានកើតឡើងក្នុងឆ្នាំ២០០២ នៅពេលដែលអគ្គិភ័យបានឆាបឆេះរថភ្លើងល្បឿនលឿនមួយគ្រឿង ដែលធ្វើដំណើរពីទីក្រុងគែរទៅភាគខាងត្បូងប្រទេសអេហ្ស៊ីប ដោយបានផ្តាច់ជីវិតមនុស្សច្រើនជាង ៣០០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ