ហ្វេសប៊ុកគ្រោងផ្លាស់ប្តូរឈ្មោះថ្មីរបស់ខ្លួន
បរទេស ៖ ក្រុមហ៊ុន Facebook គ្រោងនឹងប្តូរឈ្មោះថ្មីរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Verge កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ ការគ្រោងដូរឈ្មោះថ្មី កើតឡើងក្រោយពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះកំពុងរង់ការចោទប្រកាន់ពីនិយ័តករជុំវិញពិភពលោក ជុំវិញការអនុវត្តន៍អាជីវកម្មរបស់ខ្លួន។
អ្នកនាំពាក្យរបស់ Facebook មិនបានធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាម ឬការរំពឹងទុកនោះឡើយ។
ក្រៅពីបណ្តាញសង្គមដ៏ធំរបស់ខ្លួន Facebook ក៏ជាម្ចាស់របស់ក្រុមហ៊ុន Instagram និង WhatsApp ផងដែរ។ ការផ្លាស់ប្តូរឈ្មោះអាចនឹងយកបណ្តាញសង្គមយក្សទាំង ៣នេះដាក់ក្រោមឈ្មោះតែមួយ ដែលវាមានលក្ខណៈស្រដៀងទៅនឹងរចនាសម្ព័ន្ធដែលប្រើប្រាស់ដោយ Google ដែលមានក្រុមហ៊ុនមេឈ្មោះថា Alphabet។
តាមរយៈ ប្រភពដដែលបានបន្ថែមថា ស្ថាបនិកក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg គ្រោងនឹងធ្វើការពិភាក្សាពីការផ្លាស់ប្តូរឈ្មោះនៅក្នុងសន្និសិទប្រចាំឆ្នាំនៅថ្ងៃទី ២៨ ខែតុលានេះ។
គួរបញ្ជាក់ថា Facebook គឺជាបណ្តាញសង្គមយក្សរបស់អាមេរិកដែលត្រូវបានលោក Mark Zuckerberg បង្កើតឡើងកាលពីឆ្នាំ ២០០៤។ វាទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់អ៊ីនធឺណេត។ វាមានអ្នកប្រើប្រាស់សកម្មប្រមាណ ២,៨៩ពាន់លាននាក់ប្រចាំខែ។
គិតត្រឹមត្រីមាសទី ២នៃឆ្នាំ ២០២១នេះ Facebook រកប្រាក់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មបានចំនួន ២៨,៥ពាន់លានដុល្លារ៕