ក្រុងព្រះសីហនុ៖ មានករណីរថយន្តដឹកទំនិញមួយគ្រឿង បុករះប៉ះយានយន្តច្រើនគ្រឿង បណ្តាលអោយមនុស្សចំនួន៦នាក់រងរបួស នៅវេលាម៉ោងម៉ោងជិត៩ព្រឹកថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២០ នៅលើវិថីផែ ចំណុចកែងរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបាមឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ដើមហេតុមាន រថយន្តដឹកទំនិញមួយគ្រឿងបើកបរចុះផ្លូវចំណោត រួចដាច់ហ្វ្រាំង ក៍ជ្រុលទៅបុកជាបន្ត បន្ទាប់ ប៉ះរថយន្ត២គ្រឿង និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង ។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្សចំនួន០៦នាក់(ប្រុស)  រងរបួសក្នុងនោះរងរបួសធ្ងន់២នាក់និងរងរបួសស្រាលចំនួន៤នាក់។

យោងតាមរបាយការណ៍អង្កេតបឋមរបស់នគរបាលជំនាញបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7899 អ្នកបើកបរឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ  ( រថយន្តជាកម្មសិទ្ធរបស់ឈ្មោះ គិត ប៊ុន ) ស្នាក់នៅបច្ចុប្បន្នភូមិ ៣ សង្កាត់៤ ក្រុងព្រះសីហនុ មានទិសដៅ ពីកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ស្ថានភាព ផ្លូវចុះចំណោត រថយន្តបានដាច់ហ្រ្វាំង ក៏ជ្រុលបុករះរថយន្ត ២គ្រឿង  និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង រងការខូចខាត ចំណែកអ្នករងរបួសទាំងអស់ បានដឹកទៅសង្រ្គោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ក្នុងសង្កាត់១ ។ 

ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបង្ក ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះ អាសន្ន រួមទាំងវត្ថុតាង នាំមកការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោក ដោះស្រាយបន្តតាមនីតិវិធី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ