រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមពង្រឹងសមត្ថភាពក្រុមការងារសង្គ្រោះ ដោយបានធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែម និងបំពាក់ឧបករណ៍សង្គ្រោះបន្ថែម ក្នុងតម្លៃជិត១លានដុល្លារអាមេរិក។ ការបំពាក់ឧបករណ៍នេះ គឺដោយមើលឃើញពីសមត្ថភាពរបស់ក្រុមអ្នកសង្គ្រោះឆ្លើយតបនឹងប្រតិបត្តិការសង្គ្រោះក្នុងហេតុការបាក់រលំអគារនាពេលកន្លងទៅ នៅមានកម្រិតនៅឡើយ។  

ពិធីប្រគល់ឧបករណ៍បច្ចេកទេសគាំទ្រដល់ការងារសង្គ្រោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងពលតូចទ័ពឆ័ត្រយោងពិសេសលេខ៩១១ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា ការបើកវគ្គបណ្តុះបណ្តាល និងបំពាក់ឧបករណ៍សម្ភារបច្ចេកទេសទាំងនេះ គឺជាការគិតគូរមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះនៅពេលមានហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា មើលឃើញតម្រូវការខ្ពស់ចំពោះសមត្ថភាព និងជំនាញក៏ដូចជាឧបករណ៍ សម្ភារបច្ចេកទេស ដើម្បីបម្រើដល់ប្រតិបត្តិការសង្គ្រោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ចែងបញ្ជាឱ្យរៀបចំចងក្រងរចនាសម្ព័ន្ធក្រុមការងារសង្គ្រោះឱ្យបានច្បាស់លាស់ និងហ្វឹកហ្វឺនបន្ថែមលើសមត្ថភាពរបស់ពួកគេ។

ជាមួយគ្នា លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានស្នើដល់បុគ្គលិកកងប្រតិបត្តិការរុករកសង្គ្រោះ ត្រូវចងចាំថា ការងាររុករកសង្គ្រោះ គឺជាកិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ដែលតម្រូវឱ្យបុគ្គលិកមានវិន័យខ្ពស់ ថែទាំសុខភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ។ លោកទេសរដ្ឋមន្ត្រី បង្ហាញក្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវចំណេះដឹងថ្មី របៀបប្រើប្រាស់ និងបទពិសោធន៍ ហើយបុគ្គលិករុករកសង្គ្រោះទាំងអស់ នឹងខិតខំរៀនសូត្របំពេញភារកិច្ចដុះខាត់ច្នៃប្រឌិតបច្ចេកទេស ឱ្យបានល្អប្រសើរថែមទៀត ក្នុងស្មារតីទទួលខុសត្រូវថែរក្សាការពារ ឧបករណ៍ សម្ភារប្រកបដោយប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ថា ក្រុមអ្នកសង្គ្រោះដែលទទួលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ មានចំនួនប្រមាណ ១០០នាក់ មកពីអង្គភាពចំនួន៦ រួមមាន៖ កងពលតូចលេខ៧០មានចំនួន ១០នាក់, កងពលតូចឆ័ត្រយោងពិសេសមានចំនួន ៥០នាក់, កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ១០នាក់, កងវិស្វកម្មអគ្គបញ្ជាការចំនួន ១០នាក់, កងពលតូចលេខ១ ចំនួន ១០នាក់ និងបញ្ជាការដ្ឋានកងទ័ពជើងទឹកមានចំនួន ១០នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ