កំពង់ឆ្នាំង៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនដល់មន្ត្រី បុគ្គលិក CMAC ទូទាំងប្រទេស។

ព្រះរាជពិធីនេះប្រារព្វធ្វើនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា បានឲ្យដឹងថា អង្គភាព CMAC ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ១៩៩២ និងបានក្លាយជាស្ថាប័នជាតិនៅខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលកំណត់ដោយព្រះរាជក្រឹត្យ។

បច្ចុប្បន្ននេះអង្គភាព CMAC មានមន្ត្រីពេញសិទ្ធិសរុបចំនួន ១.៨៧៥នាក់ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ៣.៦១៨នាក់ ដែលកំពុងឈរជើងប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ កម្លាំងទាំងនេះពង្រាយនៅតាមបណ្តាខេត្តមួយចំនួន ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ ហើយ CMAC ក៏មានកម្លាំងតូចៗ ដែលអាចចល័តទូទាំងប្រទេសបាន។ ដើម្បីឆ្លើយតបតាមសំណូមពរបន្ទាន់ៗ របស់ប្រជាជន និងអាជ្ញាធរមូលដ្ឋាន នៅពេលជួបបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ។

លោក ហេង រតនា បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៣២ឆ្នាំ កន្លងមកនេះអង្គភាព CMAC សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ គិតត្រឹមចុងខែមេសា ឆ្នាំ២០២៤នេះ បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ បានចំនួនជិត ២.០០០គីឡូម៉ែត្រក្រឡា ក្នុងនោះរុករកឃើញកម្ទេចចោលគ្រាប់មីន និងសំណស់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទបាន ចំនួន ៣ .០៨៣.៨៧៥គ្រាប់។ ជាមួយគ្នានេះដែរបានជួយឲ្យអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមធ្លាក់ចុះជាបន្តបន្ទាប់ ពីប្រមាណជាង ៤.០០០នាក់ ក្នុងឆ្នាំ ១៩៩៥-១៩៩៦ មកនៅត្រឹម ៣២នាក់ នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ