ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ នាពេលថ្មីៗនេះ។

ការផ្ដល់ក្របខ័ណ្ឌរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់មានហ្វេសប៊ុកមួយ បានសរសេរថា «ខ្ញុំបាទឈ្មោះ ជា សំណាង រស្មីសត្យា ភេទប្រុសអាយុ ២៣ឆ្នាំ ការសិក្សាចប់ថ្នាក់ទី១២ (សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ) បច្ចុប្បន្នមិនមានការងារអ្វីទេ សុខភាពល្អធម្មតា ដែលត្រូវជាកូនច្បង របស់លោកវរសេនីយ៍ទោ ជា សំណាង ដែលបានបាត់បង់ជីវិតក្នុងហេតុការផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ សូមគោរពដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាទីគោរព ខ្ញុំបាទមានបំណងបន្តវេនពីឪពុក ចូលបម្រើការងារយោធានៅខេត្តកោះកុងបន្តទៀត ដើម្បីបានប្រាក់ខែចិញ្ចឹមម្តាយ ប្អូនៗនិងជីដូនចាស់ជរា ព្រោះសព្វថ្ងៃ ក្រុមគ្រួសារខ្ញុំ គ្មានអ្វីទីពឹង សូម សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្តេចតា មេត្តាជួយសម្រេចបំណងខ្ញុំបាទផង ខ្ញុំបាទសូម គោរព និងថ្លែងអំណគុណ»។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច បានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិន ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ សម្ដេច ក៏បានឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្តៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ