ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រហូតមកដល់ថ្ងៃនេះ បងប្អូនពលករខ្មែរ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ចំនួន ២៨ រូបបានមកដល់មាតុភូមិវិញ ។ ចំណែកបងប្អូន ដែលមិនទាន់បានវិលត្រឡប់មកវិញ ពួកគាត់ត្រូវបានស្នាក់នៅជុំគ្នា ក្រោមការមើលថែ និងយកចិត្តទុកដាក់បំផុត ពីស្ថានទូតកម្ពុជា ភាគីពាក់ព័ន្ធ និងអាជ្ញាធរអារ៉ប់ប៊ីសាអូឌីត។

អ្នកនាំពាក្យរូបនេះ លេីកឡេីងជាការណែនាំដល់ពលករខ្មែរថា ការចូលទៅធ្វើការក្នុងប្រទេសគេ គឺត្រូវបំពេញបែបបទច្បាប់ នីតិវិធី និងរដ្ឋបាល ហើយពេលចាកចេញពីប្រទេសគេ ក៏ត្រូវបំពេញបែបបទច្បាប់ នីតិវិធី និងរដ្ឋបាលផងដែរ ។ យើងមិនអាចធ្វើអ្វីខុសច្បាប់ ប្រទេសគេនោះទេ។ ហេតុនេះហើយ ទើបបងប្អូនមានការយឺតយ៉ាវ ពេលវេលាក្នុងការវិលត្រឡប់ ។ បងប្អូនពលករឃើញច្បាស់ណាស់ពីការខិតខំប្រឹងប្រែងរបស់មន្រ្តីទូតយើង និងភាគីពាក់ព័ន្ធ ។ បងប្អូនពលករត្រូវសហការជាមួយមន្រ្តីយើង ដើម្បីសម្រួល និងពន្លឿននីតិវិធី ឆាប់បានវិលត្រឡប់មកមាតុភូមិវិញ។ បងប្អូនពិតជាបានវិលមកមាតុប្រទេសវិញក្នុងពេលឆាប់ៗខាងមុខ ។

អ្នកនាំពាក្យ ឱ្យដឹងបន្ថែមថាគួរឱ្យសោកស្តាយបំផុត ក្នុងករណីបងប្អូនពលករកំពុងមានទុក្ខរដ្ឋាភិបាល កំពុងប្រឹងប្រែងដុតដៃ ជួយដល់ពលករយើង មានក្រុមមនុស្សខ្លះ និងបណ្តាញព័ត៌មានភាសាខ្មែរ ដែលផ្សាយចេញពីបរទេស កំពុងញុះញុង បំផុសបំផុល បន្លាចដល់ពលករយើង ឱ្យភ័យខ្លាច និងធ្វើសកម្មភាពទាមទារផ្សេងៗ ដើម្បីយករូបភាពមកផ្សព្វផ្សាយ បំពុលសង្គម។ ការដែលក្រុមនោះធ្វើបែបនេះមិនបានជួយកម្មករអ្វីនោះទេ គឺយកពលករជាឧបករណ៍ព័ត៌មានរបស់ខ្លួនតែប៉ុណ្ណោះ លើសពីនេះពួកគេប្រឹងលាបព៌ណមកលើថ្នាក់ដឹកនាំថែមទៀត។

អ្នកនាំពាក្យ ផ្តល់អនុសាសន៍ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីអ្វីមួយដែលកើតឡើងដល់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ សូមតម្កល់ផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋជាធំ ចូររួមមតិតែមួយ ជំហរតែមួយក្នុងផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ