ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចប្រកាសឱ្យអនុវត្តវិធានការជុំទី៤ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ -១៩ ដោយក្នុងវិធានការនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបង្កើនថវិកាសម្រាប់អនុវត្តគម្រោងសាច់ប្រាក់ពលកម្មក្នុងឆ្នាំ ២០២០ ពី១៥០ ពាន់លានរៀល ដល់៤១០ ពាន់លានរៀល ។

តាមផែនការថ្មីនេះក្នុងឆ្នាំ ២០២០ គម្រោងនេះមានសមត្ថភាពស្រូបយកពលកម្មដែលបាត់បង់រយៈ ពេលខ្លីបានចំនួន៨៩០ ០០០ នាក់ កសាងផ្លូវលំបានចំនួន ២ ២៥៥ គីឡូម៉ែត្រប្រឡាយជើងក្អែបបានចំនួន ២ ៣៨៤ គីឡូម៉ែត្រ និង ភ្ជាប់បណ្តាញអគ្គិសនី ដល់ស្ថានីយបូមទឹកកសិកម្មបានចំនួន ៤៥ ។ ប្រជាពលរដ្ឋដែលទទួលផលពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានចំនួន៩៥៧ ០០០ គ្រួសារ ។ 

ក្នុងឱកាសជួបជាមួយប្រជាពលករកសិករ និង ប្រជាជនជាអ្នកទទួលផលពីគម្រោងសាច់ប្រាក់ពលកម្ម លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឲ្យដឹងថាឈរលើមូលដ្ឋាននៃសមិទ្ធផលជោគជ័យ ក្នុងជំហាន ទី ១ កាលពីដើម ខែមីនា ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្ត “គម្រោងសាច់ប្រាក់ពលកម្មជំហាន ២សម្រាប់ឆ្នាំ ២០២០ ដល់ ២០២២” ដោយ បន្ថែមការងារស្តារ និងអភិរក្សធនធានធម្មជាតិ រួមមានបឹងបួរអាងស្តុកទឹក និង ស្រះស្រោចស្រពដំណាំកសិកម្ម ព្រមទាំងពង្រីកវិសាលភាពគ្រប់ដណ្តប់លើខេត្តសរុបចំនួន ១៨ ។ 

លោកបន្ដថា ខេត្តជាគោលដៅនៃគម្រោងជំហានទី១ គឺ ទាំង១២ខេត្ត និង ពង្រីកបន្ថែមខេត្តថ្មីចំនួន ៦ ទៀត ព្រមទាំងបានគ្រោងថវិកា សរុបចំនួន ៤៥១ ពាន់លានរៀលសម្រាប់រយៈពេល ៣ឆ្នាំ ក្នុងនោះឆ្នាំ ២០២០ គ្រោងថវិកាចំនួន១៥០ ពាន់លានរៀល ។

សូមបញ្ជាក់ថា គម្រោងកម្មវិធីសាច់ប្រាក់ពលកម្មដែលត្រូវបាននិងកំពុងអនុវត្តក្រោមការគិតគូរ និងដឹកនាំផ្ទាល់របស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិតជាមានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច-សង្គម បច្ចុប្បន្នរបស់កម្ពុជាជាពិសេសក្នុងបរិកាសដែលពិភពលោក ទាំងមូលកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ ១៩ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ