រដ្ឋាភិបាលអ៊ីស្រាអ៊ែលសម្រេចចិត្តបិទសារព័ត៌មាន Al Jazeera ក្រោមហេតុផលគំរាមកំហែងចំពោះសន្តិសុខជាតិ
អ៊ីស្រាអែល៖ បន្ទប់សណ្ឋាគារមួយកន្លែងនៅក្រុងយេរូសាឡឹម ដែលបានប្រើប្រាស់ជាការិយាល័យរបស់ Al Jazeera ត្រូវបានក្រុមប៉ូលិសចូលលបវាយឆ្មក់ ក្រោយរដ្ឋាភិបាលអ៉ីស្រាអ៊ែលសម្រេចចិត្តបិទប្រតិបត្តិការទាំងអស់របស់បណ្ដាញសារព័ត៌មានមួយនេះ កាលពីថ្ងៃទី៥ ខែឧសភា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ឧទ្ទកាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសថា វត្តមានសារព័ត៌មាន Al Jazeera បានធ្វើការគំរាមកំហែងចំពោះសន្តិសុខជាតិ ហើយការបិទនេះធ្វើឡើងដរាបណាសង្គ្រាមនៅតំបន់កាហ្សានៅតែបន្តកើតឡើង។ ការចុះបិទការិយាល័យ Al Jazeera នៅអ៉ីស្រាអ៊ែលភ្លាមៗ ការរឹបអូសយកសម្ភារៈផ្សព្វផ្សាយ ការកាត់ផ្ដាច់ប៉ុស្ដិ៍ផ្សាយចេញពីក្រុមហ៊ុនខ្សែកាបនិងផ្កាយរណប ព្រមទាំងការបិទវិបសាយទាំងអស់របស់ Al Jazeera។ នាយករដ្ឋមន្ត្រីអ៉ីស្រាអ៊ែល បានចាត់ទុក Al Jazeera ជាសារព័ត៌មាន ដែលញុះញុង់ ហើយបានរិះគន់ប្រតិបត្តិការយោធារបស់អ៉ីស្រាអ៊ែលនៅតំបន់កាហ្សានាពេលកន្លងមក។
Al Jazeera ដែលជាបណ្ដាញសារព័ត៌មានរបស់ទូរទស្សន៍រដ្ឋកាតា បានហៅទង្វើនេះថា គឺជា “សកម្មភាពឧក្រិដ្ឋកម្ម” ហើយការចោទប្រកាន់ដែលថាប៉ះពាល់ដល់សន្តិសុខជាតិអ៉ីស្រាអ៊ែល គឺជា “ការកុហកដ៏ឆ្កួតលីលា និងគ្រោះថ្នាក់” ដែលធ្វើឲ្យអ្នកសារព័ត៌មានប្រឈមនឹងហានិភ័យ៕