ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានអបអរសាទរ ចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលគ្រប់គ្រងការរីករាលដាល ការឆ្លងជំងឺ កូវីដ-១៩ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាល ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក MIKAMI Masahiro មានប្រសាសន៍ថា «ខ្ញុំអបអរសាទរ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺ កូវីដ-១៩ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។ហើយក៏បានបង្ហាញពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ ការបន្តផ្តល់ជំនួយ ក៏ដូចជា ការបង្កើនការវិនិយោគរបស់ជប៉ុន ដែលក្នុងនោះរួមមានការវិនិយោគ នៅក្នុង វិស័យធនាគារ ផងដែរ តាមរយៈវត្តមានរបស់ធនាគារជប៉ុន និងការរួមចំណែក ជាភាគទុនិក នៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា»។
លោកក៏បានពាំនាំនូវការពេញចិត្តរបស់វិនិយោគិនជប៉ុន ចំពោះវិធានការរបស់រាជរដ្ឋាភិបាល កម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានអនុវត្តកន្លងមក សំដៅរក្សាជំនឿទុកចិត្តដល់ វិនិយោគិន និងអនុគ្រោះដល់អាជីវកម្មដែលរងផលប៉ះពាល់។
ឆ្លៀតឱកាសនោះ លោក ជា ចាន់តូ បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលទទួល រងផលប៉ះពាល់ ពីការរីករាលដាលការឆ្លងជំងឺកូវីដ១៩ និងពីវិធានការដែលរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យនានា និងប្រជាជនដែលងាយរងគ្រោះ។
សូមរំលឹកថា រហូតដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា សរុប១២៨នាក់ ហើយអ្នកសម្រាកព្យាបាលជំងឺ ចំនួន៣នាក់និងអ្នកជាសះស្បើយចំនួន១២៥នាក់ ហើយកម្ពុជាគ្មានអ្នកស្លាប់ ដោយសារជំងឺ កូវីដ-១៩ ឡើយ៕ EB