ភ្នំពេញ ៖ ថ្លែងចេញពីកណ្ដាលវាលស្រែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជា ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យមើលប្រជាពលរដ្ឋក្រីក្រឲ្យបានពិតប្រាកដ ដើម្បីទទួលបានប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ក្នុងឱកាសចុះពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ចៅហ្វាយខេត្តទាំងអស់ ពិនិត្យមើលឲ្យអស់ ក្រែងមានអ្នកក្រពិតប្រាកដអត់បានថវិកា ទៅបានមិនមែនអ្នកក្រ អាហ្នឹង ហើយដែលហៅថា អយុត្តិធម៌ ដូច្នេះត្រូវមើលឲ្យអស់កន្លែងនឹង»។

សម្ដេចតេជោបន្ដថា នៅខែកក្កដា ចំនួនគ្រួសារក្រីក្រ និងងាយរងគ្រោះកើនដល់ ជាង៥៦ម៉ឺនគ្រួសារ ដែលត្រូវចំណាយថវិកាអស់ប្រមាណ២៨លានដុល្លារ។សម្ដេចថា ថ្មីៗនេះ បានស្វែងរកឃើញគ្រួសារ ក្រីក្រប្រមាណជា៥ម៉ឺនគ្រួសារ បន្ថែមទៀត។

សម្តេចតេជោបញ្ជាក់ថា ការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនេះ មិនមែនធ្វើ រហូតនោះទេ គឺនឹងបញ្ចប់នៅពេលជំងឺកូវីត១៩ ថមថយចុះ ហើយការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺក៏មិនមែនការចេញមុខចិញ្ចឹមទាំងស្រុងនោះដែរ តែគឺជាការប៉ះប៉ូវនូវអ្វីដែលខ្វះខាត និងរងផលប៉ះពាល់ ប៉ុណ្ណោះ។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានប្រកាស អនុវត្តន៍កម្មវិធីផ្តល់ សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ដោយបញ្ជូន សាច់ប្រាក់រួចរាល់ហើយចំនួន១២៥លានដុល្លារអាមេរិក ទៅកាន់គោលដៅនានា សម្រាប់រយៈ ពេល៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ។ការឧបត្ថម្ភនេះមានរយៈពេលពីរខែសម្រាប់ជុំទីមួយនេះ គឺខែមិថុនា និងខែកក្កដា។ ក៏ប៉ុន្តែបើជំងឺ កូវីដ១៩ មិនរលត់រលាយទៅវិញទេនោះ រាជរដ្ឋាភិបាលនឹង បន្តឧបត្ថម្ភសាច់ប្រាក់ ប្រាក់នៅខែបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

សូមរំលឹកថា នាពេលកន្លងមក ប័ណ្ណក្រីក្រប្រមាណជាង៤០០០ប័ណ្ណ ត្រូវបានក្រសួងផែនការ ដកហូតមកពីក្រុមគ្រួសារមានជីវភាពប្រសើរមកវិញ បន្ទាប់ស្រាវជ្រាវឃើញថា ក្រុមគ្រួសារទាំងនោះ មិនមែនជាអ្នកក្រីក្រពិតប្រាកដ ហើយបន្លំថា ខ្លួនមានជីវភាពយ៉ាប់ យឺនតាមរយៈបងប្អូន ដែលជាអាជ្ញាធរភូមិដាក់ពួកគេ ដោយចង់បានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ១៩នោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ