(ក្តៅៗ) ចាប់ពីថ្ងៃនេះតទៅ កាស៊ីណូអាចបើកដំណើរការឡើងវិញហើយ ! តែត្រូវស្នើសុំការអនុញ្ញាតពីក្រសួងសុខាភិបាល
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតដល់ កាស៊ីណូមានលទ្ធភាព បើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។
សម្ដេចតេជោ បន្ដថា កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឲ្យមានការអនុញ្ញាតពីក្រសួងសុខា ភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។
សូមរំលឹកថា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឲ្យបិទកាស៊ីណូទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ខែមេសា ឆ្នាំ២០២០តទៅ រហូតដល់មានបទបញ្ជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕EB