លោក សេង ឈួន ចុះដោះស្រាយសំណូមពរ លើបញ្ហាដឹកលើសទម្ងន់កម្រិតកំណត់ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់ ភ្នំពេញ-កណ្តាល
ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំគណៈ ប្រតិភូ និងគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ចុះដោះស្រាយ និងពិនិត្យសំណូមពរបស់តំណាងក្រុមយានយន្ត ដឹកជញ្ជូន លើបញ្ហាដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់ រាជធានីភ្នំពេញ-ខេត្តកណ្តាល។
តំណាងរបស់យានយន្តដឹកជញ្ជូន ទាំង៥រូប បានស្នើសុំដំណោះស្រាយ ៣ចំណុច ដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ រួមមាន៖ ទី១-ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន ,ទី២- ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា និងទី៣- ស្នើសុំដោះលែងយានយន្ត ទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។
ជាការឆ្លើយតប លោកប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំបានទទួលពិនិត្យសំណូមពរទាំង ៣ចំណុចខាងលើ និងគោរពរាយការណ៍ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល់ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយជូន និងស្នើសុំឱ្យក្រុមយានយន្តដឹកជញ្ជូនទាំងអស់ កុំប្រមូលផ្តុំ ជៀសវាងការឆ្លងនៃជំងឺកូវីដ១៩។
គួរបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានឃាត់យានយន្តដែលរក្សាទុកចំនួនមួយឆ្នាំ ១៧៣គ្រឿង ដោយអនុវត្តយ៉ាងតឹងរឹងបំផុតដោយគ្មានការលើកលែងឡើយ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់៕EB