ថ្ងៃអាទិត្យនេះ សកម្មភាពតវ៉ាប្រឆាំងនឹងរបបយោធា មានកាន់តែច្រើនឡើង ខណៈសេវាកម្ម Internet នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដំណើការឡើងវិញផ្នែកខ្លះហើយ
(មីយ៉ាន់ម៉ា)៖ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA បានរាយការណ៍ថា នៅយប់ថ្ងៃអាទិត្យ ទី០៧ ខែកម្ភៈ ឆ្នាំ២០២១ ប្រព័ន្ធអ៊ិនធឺរណែត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានស្តារឡើងវិញផ្នែកខ្លះហើយ ខណៈកំហឹងសាធារណៈ និងការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលបានទម្លាក់លោកស្រីអ៊ុង សានស៊ូជី បានរីកកាន់តែធំឡើង។
អង្គការ ណេតប្លក់ស៍ (NetBlocks) ដែលជំនាញខាងតាមដាន ការផ្ដាច់ប្រព័ន្ធអ៉ីនធើណិតនៅជុំវិញពិភពលោក បានបញ្ជាក់នៅលើបញ្តាញទំនាក់ទំនងសង្គម Twitter នៅថ្ងៃអាទិត្យនេះថា ប្រព័ន្ធអ៊ិនធឺរណែត នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដំណើការឡើងវិញខ្លះហើយ នៅវេលាម៉ោង ២រសៀលថ្ងៃនេះ(ម៉ោងក្នុងស្រុក)។ ទោះជាយ៉ាងណា ដំណើការនៃបណ្តាញទំនាក់ទំនងសង្គម នៅតែមានកម្រិត។
កាលពីចន្ទដើមសប្តាហ៍នេះ យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការលោក មីន អោង ហ្លេង បានសម្រេចធ្វើរដ្ឋប្រហារដំណ្តើមអំណាចពីរដ្ឋាភិបាលស៊ីរិលរបស់លោកស្រីអោងសាន ស៊ូជី ក្រោមហេតុផលថា ដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលខ្លួនចាត់ទុកជាការបោះឆ្នោតមានការលួចបន្លំ។
យ៉ាងណាមិញ នៅថ្ងៃអាទិត្យដដែលនេះ មនុស្សប្រមាណជាង ១,០០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាងហ្គន (Yangon) នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តសម្តែងការតវ៉ា និងការមិនពេញចិត្តរបស់ពួកគេ ចំពោះការធ្វើរដ្ឋប្រហារ។
គួររំលឹកដែរថា ក្រោយដណ្តើមអំណាចបាន យោធាបានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថេរភាពជាតិ ព្រមទាំងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ៕