រតនគិរី ៖ ៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តរតនគិរី មានភាពស្ងប់ស្ងាត់ល្អ ដោយបទល្មើសផ្សេងៗមានការថយចុះ គួរឱ្យកត់សម្គាល់។ នេះបើយោងតាមលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ថ្លែងក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ 

បើតាម លោក អភិបាលខេត្ត នៅក្នុងឆមាសទី១នេះ ស្ទើរតែគ្រប់បទល្មើស ទាំងបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម ក៏ដូចជាបញ្ហាក្មេងទំនើង សុទ្ធតែបានថយចុះច្រើន គឺថយច្រើនខុសប្លែកពីឆ្នាំមុនៗ បើធៀបក្នុងរយៈពេល៦ខែដូចគ្នា។ លោក បានបន្តទៀតថា ការថយចុះនេះ គឺដោយសារអាជ្ញាធរមានសមត្ថកិច្ច ចាប់តាំងពីថ្នាក់ភូមិឃុំ-សង្កាត់ ដល់ស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់របស់រដ្ឋបាលខេត្ត និងទទួលបានការចូលរួមសហការពីប្រជាពលរដ្ឋ។ 

លោក បានបន្ត ជាក់ស្តែងបញ្ហាក្រុមក្មេងទំនើង ពីមុនតែងតែមានការប្រមូលផ្ដុំគ្នានៅតាមទីប្រជុំជនមួយចំនួន ដែលធ្វើឱ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តបានកាត់ផ្ដាច់សកម្មភាពក្រុមក្មេងទំនើងនេះ ដោយបានចាត់វិធានការជារៀងរាល់ម៉ោង៩យប់តទៅ គឺអាជ្ញាធរនឹងចេញប្រតិបត្តិការបង្រ្កាបក្រុមទាំងអស់នោះ មិនឱ្យប្រមូលផ្តុំគ្នាទៀតឡើយ។ លោក អភិបាលខេត្ត បន្ថែមថា «យើងបានធ្វើរដ្ឋបាលចំហរតាមផ្ទះសំណាក់ ហើយអាជ្ញាធរតាមមូលដ្ឋាននីមួយៗ បានចុះសាកសួរ និងកំណត់ទីតាំងក្រុមក្មេងទំនើង ដើម្បីអនុវត្តវិធានការ»។ 

លោក យ៉ែម សំអឿន ក៏បានលើកឡើងអំពីបញ្ហាគ្រឿងញៀន បើទោះបីជាមានផលលំបាកបន្ដិចក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ តែងតែចុះផ្សព្វផ្សាយតាមខ្នងផ្ទះ និងតាមបណ្ដាក្រុមហ៊ុនទាំងអស់ឱ្យចូលរួមពិនិត្យ និងសង្កេតមើល ជាពិសេសក្រុមហ៊ុនវិនិយោគដីសម្បទាន គឺត្រូវតែពិនិត្យមើលរាល់អាកប្បកិរិយារបស់កម្មករ ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង ត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបានទាន់ពេលវេលា និងឈានទៅដល់ការបង្ក្រាបក្រុមផ្សេងៗដទៃទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ