ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លើកទឹកចិត្តមូលនិធិ GX Foundation បន្ដគាំទ្រដល់បេសកកម្មវិស័យសុខាភិបាលនៅកម្ពុជា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានលើកទឹកចិត្តដល់មូលនិធិ GX Foundation របស់សាធារណរដ្ឋប្រជាមានិតចិន បន្ដសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់បេសកកម្មវិស័យសុខាភិបាលនៅកម្ពុជា។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក LEUNG Chun Ying អគ្គនាយកមូលនិធិ GX (GX Foundation) និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់យកវិស័យសុខាភិបាល និងវិស័យអប់រំ ជាអាទិភាព។
ក្នុងនាមតំណាងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏ថ្លែងអំណរគុណចំពោះសកម្មភាពជំនួយក្នុងវិស័យសុខាភិបាលតាំងពីឆ្នាំ២០១៨ (ជំនួយលើការព្យាបាលជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម) ក្នុងនោះ បានជួយពិនិត្យ និងព្យាបាលជូនពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ នៅខេត្តកំពង់ចាម, កំពង់ស្ពឺ និងខេត្តព្រៃវែង ហើយមូលនិធិក៏បានផ្ដល់ជំនួយជាមធ្យោបាយរថយន្ដសង្គ្រោះបន្ទាន់ សម្ភារៈពេទ្យ និងថ្នាំពេទ្យផងដែរ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងទៀតថា ការផ្ដល់អាទិភាពលើវិស័យសុខាភិបាលនៅកម្ពុជា ធ្វើឡើងតាមរយៈការពង្រឹងមណ្ឌលសុខភាពនៅតាមមូលដ្ឋាន, ពង្រឹងពេទ្យបង្អែកតាមស្រុក និងបង្កើនសមត្ថភាពសង្គ្រោះព្យាបាលនៅតាមមន្ទីរពេទ្យខេត្ត។
ជាការឆ្លើយតប លោក LEUNG Chun Ying បានលើកឡើងថា ការបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា គឺមូលនិធិបានជួយដល់ការព្យាបាល វះកាត់ផ្នែកជំងឺភ្នែកឡើងបាយ និងគ្រុនឈាម។ តាមរយៈការជួយរួមចំណែកនេះ លោកសង្ឃឹមថា នាពេលខាងមុខ កម្ពុជានឹងលែងមានជំងឺភ្នែកឡើងបាយ ដែលបណ្ដាលឲ្យមានពិការភាពភ្នែកបន្ដទៅមុខទៀត៕