ភ្នំពេញ ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានចំនួន ៧ជាន់។

នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់) ⁠ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។ ក្រៅពីនេះ ក្រុមប្រតិបត្តុិការក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើស Scam Online រួមមាន កុំព្យូទ័រ ចំនួន ៦០គ្រឿង ⁠ទូរដែក ចំនួន ៣គ្រឿង និង⁠លិខិតឆ្លងដែនចំនួន ៣៥ច្បាប់។

បច្ចុប្បន្ន ជនជាតិកូរ៉េខាងត្បូង ជនជាតិនេប៉ាល់ ជនជាតិបង់ក្លាដេស និងខ្មែរ ចំនួន៤៨នាក់ ខាងលើ ព្រមទាំងសម្ភារៈរឹបអូស ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ